ដោយ វុត្ថា
ភ្នំពេញៈ វិស័យអចលនទ្រព្យស្ទើរគ្រប់ផ្នែកនៅក្នុងឆ្នាំ ២០២០នេះ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលពីជំងឺកូវីដ១៩ ប៉ុន្តែអ្នជំនាញមើលឃើញថា មានវិស័យមួយចំនួននៅក្នុងផ្នែកនេះ នឹងមានសន្ទុះឡើងវិញនៅឆ្នាំ២០២១ខាងមុខ។
លោកស្រីអាន សុធិតា នាយិកាក្រុម CBRE Cambodia នៅក្នុងកិច្ចសម្ភាសពិសេសជាមួយនឹងគេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា មានវិស័យមួយចំនួន នៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នឹងបន្តទាក់ទាញការវិនិយោគជាតិងអន្តរជាតិ នៅក្នុងឆ្នាំក្រោយនេះ។
លោកស្រីថ្លែងថា “បើនិយាយពីផ្នែកនៃវិស័យអចលនទ្រព្យ ដូចជា ផ្នែកលំនៅឋាន ដីធ្លី ការិយាល័យ ទីផ្សារលក់រាយ ឃ្លាំង និងទីផ្សារទេសចរណ៍ ហើយអ្វីដែលខ្ញុំមើលឃើញនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ទីផ្សារលំនៅឋាននឹងមានភាពល្អប្រសើរ បន្ទាប់មក គឺផ្នែកឧស្សាហកម្ម ដែលភាគច្រើនរងផលប៉ះពាល់ ពីបណ្តាប្រទេសផ្សេងៗ ដែលនឹងទាក់ទាញវិនិយោគនៅក្នុងប្រទេសកម្ពុជា” ។
លោកស្រីបន្តថា នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ទីផ្សារការិយាល័យ សម្រាប់ កម្រិត B និង C នៅតែមាន ការគាំទ្រពីអតិថិជនជួល និងមួយវិញទៀត គឺទីផ្សារលក់រាយដែលនឹងត្រឡប់ ដូចភាពដើមវិញជាបណ្តើរនៅឆ្នាំក្រោយនេះ ហើយអ្វីដែលទទួលរនូវផប៉ះពាល់ខ្លាំង គឺវិស័យសណ្ឋាគារ។
ចំណែក លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាបានឱ្យដឹងដែរថា លោកមិនទាន់ហ៊ានធ្វើការព្យាករណ៍ ចំពោះវិស័យអចលនទ្រព្យរបស់កម្ពុជានឹងទៅជាយ៉ាងណានោះទេ ខណៈដែលពិភពលោក មិនទាន់បានរកឃើញនូវវ៉ាក់សាំងសម្រាប់ព្យាបាលជំងឺកូវី១៩ឱ្យមានភាពប្រាកដប្រជា។
លោកថ្លែងថា “យើងមិនដឹងថាត្រូវប្រើប្រាស់ពេល អស់រយៈពេលប៉ុន្មានទៀតនោះទេ ក្នុងការស្វែងរកវ៉ាក់សាំងយកមកព្យាបាលបានោះទេ បេសកម្មភានៃកាទិញលក់លើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសនៅតែមាសកម្មភាពធម្មតា ប៉ុន្តែកំណើនវិញគឺមិនមានទេ ” ៕