ដោយៈម៉ាណេត
ភ្នំពេញៈ ទ្រព្យសកម្មក្នុងស្រុកសុទ្ធ នៃគ្រឹះស្ថានទទួលបានប្រាក់បញ្ញើបានកើនឡើង១,១% ដល់ ៦១.២៤៦,៧ ប៊ីលានរៀល (ប្រមាណ ១៥,៣១ ប៊ីលាន ឬពាន់លានដុល្លារ) ក្នុងខែកក្កដា ឆ្នាំ២០២០ ធៀបនឹងខែមិថុនា។
កំនើននេះ បណ្តាលមកពីការកើនឡើង នៃខ្ទង់ឥណទេយ្យក្នុងស្រុកសុទ្ធ១,៧% ខណៈដែលខ្ទង់ផ្សេងៗ សុទ្ធបានថយចុះ ២,៥% ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។
ការកើនឡើងនៃខ្ទង់ឥណនេយ្យក្នុងស្រុកសុទ្ធជាចម្បង ឆ្លុះបញ្ចាំងពីការកើនឡើងនៃខ្ពង់ឥណទានសុទ្ធ ចំពោះគ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុ ឥណទានសុទ្ធចំពោះរដ្ឋាភិបាល និងខ្ទង់ឥណទានចំពោះវិស័យឯកជន២៧,៥% ១,៤% និង១,៣% រៀងគ្នា ខណៈដែលឥណទានសុទ្ធ ចំពោះគ្រឹស្ថានហិរញ្ញវត្ថុផ្សេងៗ បានថយចុះ ១,៨% ។
ការថយចុះនៃខ្ទង់ផ្សេងៗសុទ្ធ ជាចម្បងបណ្តាលមកពីការកើនឡើងនៃខ្ទង់ដើមទុន ៤% ខណៈដែលខ្ទង់ផ្សេងៗបានកើនឡើង ៨,២% ។
ជាមួយគ្នានេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានទទួល បានប្រាក់បញ្ញើផ្សេងៗទៀត (រាប់បញ្ចូលធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ)ក្នុងកក្កដា ឆ្នាំ២០២០ នេះ មានចំនួន ២២២.៥០២,១ ប៊ីលានរៀល បានកើនឡើង ១,៦% ធៀបនឹងខែមិថុនា។
ទ្រព្យសកម្មវិស័យធនាគារបានកើនឡើងយ៉ាង ឆាប់រហ័សពីប្រមាណត្រឹមតែ០,៥ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៨ ដល់៥៦ប៊ីលានដុល្លារអាមេរិក នាពេលបច្ចុប្បន្នគឺកើនឡើងប្រមាណ១១២ដង ។ ឥណទានប្រព័ន្ធធនាគារ ដែលត្រូវបានបែងចែកទៅកាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងប្រាក់បញ្ញើក្នុងស្រុកបានកើនឡើង១៦៥ដង ប្រហាក់ប្រហែលគ្នា គឺពីចំនួនប្រមាណតែ០,២ពាន់លានដុល្លារអាមេរិក ដល់ជាង៣៣ពាន់លានដុល្លារអាមេរិក។
ប្រព័ន្ធធនាគារបានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយស្ថិរភាព ក្រោយពីការកែទម្រង់វិស័យធនាគារ ត្រូវបានបញ្ចប់ដោយជោគជ័យចាប់ពីឆ្នាំ២០០០មក។ ប្រព័ន្ធធនាគារ ក៏ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ស្របតាមនិម្មាបនកម្មហិរញ្ញវត្ថុ អន្តរជាតិ និងបានរួមចំណែកស្នូល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រកំណើនសេដ្ឋកិច្ច លើកកម្ពស់បរិយាបន្នសេដ្ឋកិច្ចនិងសង្គម និងកាត់បន្ថយភាពក្រីក្រ៕