ដោយ ៖ រ៉ាណេត
បន្ទាយមានជ័យ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលយកសំណើររបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងពន្យាពេលលើការបង់ប្រាក់សងប្រចាំខែរបស់ប្រជាពលរដ្ឋដែលកំពុងស្ថិតនៅក្នុងតំណាក់កាលប្រឈមនឹងវិបត្តិគ្រោះទឹកជំនន់ បន្ថែមពីលើបញ្ហា Covid-19 ។
មានប្រសាសន៍នៅក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីថ្លែងការរបស់នាយករដ្ឋមន្ត្រីនៅខេត្តបន្ទាយជ័យ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលយក និងអនុវត្តតាមយ៉ាងរីករាយ ក្នុងការចូលរួមចំណែកចែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានការរីករាយ ដោយសារតែម្សិលមិញនៅឯមង្គលបុរី ខ្ញុំបានអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ យោគចំពោះការលំបាក អធ្យាស្រ័យ យោគយល់ចំពោះអ្នកដែលជំពាក់ប្រាក់។ សមាគមមីក្រូហិរញ្ញវត្ថុ គេបានទទួលយកដោយការពេញចិត្ត ក្នុងការធ្វើការយល់យោគ អធ្យាស្រ័យជាមួយអ្នកដែលរងផលប៉ះពាល់ដោយសារជំនន់។ នោះជាកាយវិការនៃការទទួលខុសត្រូវ និងការចូលរួម។ បើនិយាយពីដំណាក់កូវីដវិញ យើងបានរៀបចំឥណទានឡើងវិញ យើងបានរៀបចំឥណទានឡើងវិញរហូតដល់ជាង២៦ម៉ឺនគ្រួសារ ក្នុងទំហំទឹកប្រាក់ជិត២០០០លានដុល្លារ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការរឹបអូសណាមួយកើតឡើងចំពោះប្រជាពលរដ្ឋនៅក្នុងដំណាក់កាលដ៏លំបាកនៃកូវីដនោះទេ”។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា “ទន្ទឹមការទទួលបានការយល់យោគនេះ ខ្ញុំសុំឱ្យខាងអជ្ញាធរមើលការខុសត្រូវទៅលើរឿងហ្នឹង ហើយសហការជាមួយខាងមីក្រូហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ហើយមីក្រូហិរញ្ញវត្ថុក៏ត្រូវពិនិត្យមើលពីស្ថានភាពលំបាកជាក់ស្ដែង ថាតើគួរបន្ធូរបន្ថយការប្រាក់ តើគួរពន្យាពេលនៃការសង់ប្រាក់ ឬគួរឱ្យខ្ចីបន្ថែមទៀតជាដើម ”៕