ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ តំបន់សេដ្ឋកិច្ចពិសេសមួយទីតាំងស្ថិតនៅក្នុុងខេត្តព្រះសីហនុ ដែលមានរោងចក្រជិត៤០ទីតាំង បាន និងកំពុងបង្កើនលទ្ធភាពនៅក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនសម្រាប់បង្កើនការនាំចេញទៅកាន់ទីផ្សារសាកល ជាពិសេសទីផ្សារសហរដ្ឋអាមេរិក ទីផ្សារអឺរ៉ុប និងទីផ្សារប្រទេសជប៉ុន។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងដំណើរចុះពិនិត្យពីស្ថានភាពជាក់ស្ដែងនៃដំណើរការផលិតកម្មរបស់បណ្តារផោងចក្រនានានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០បានបង្ហាញពីការគាំទ្រទៅលើគម្រោងនៃកិច្ចអភិវឌ្ឍន៍របស់សង្វាក់ផលិតកម្មសម្រាប់បង្កើនការនាំចេញ។
លោក គួច ចំរើន បានមានប្រសាសន៍ថា “សកម្មភាពរបស់បណ្តារោងចក្រ និងក្រុមហ៊ុនដែលស្ថិតនៅក្នុងតំបនើសេដ្ឋកិច្ចពិសេសទាំងនេះ គឺជាចលករយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា តាមរយៈការផ្តល់ពន្ធ ការផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយក្រុមហ៊ុនក៏ទទួលបានប្រាក់ចំណេញដូចគ្នាពីការវិនិយោគផងដែរ”។
តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្ថិតនៅលើផ្ទៃដីទំហំ ១៣០ហិកតា មានរោងចក្រសរុបចំនួន ៣៨ ក្នុងនោះ ២៨ កំពុងដំណើការមានដូចជារោងចក្រផលិតចំណីសត្វ រោងចក្រផលិតថង់ផ្លាស្ទិក និងរោងចក្រផលិតគ្រឿងសង្ហារឹមជាដើម។ ដោយឡែកក្រុមហ៊ុន អាយ តាវ ផេតសឹបផ្លាយ (ខេមបូឌា) មានអគារចំនួន១៧ កំពុងដំណើរការផលិតចំណីសត្វសុនខ នាំទៅអឺរ៉ុប អាមេរិក និងជប៉ុន ដោយក្នុងមួយថ្ងៃរោងចក្រផលិតបាន ៣០តោន និងប្រើប្រាស់កម្មករ ១,២០០នាក់ ដោយឡែកវត្ថុធាតុដើមនាំចូលមកពីប្រទេសអូស្ត្រាលី។
ជាមួយគ្នានេះ រោងចក្រផលិតថង់ប្លាស្ទិក ហ័រ កាង ផេកខេកជីង តិចណូឡូជី ដែលមានចំនួន ៤អគារ បានផ្តល់ការងារដល់ប្រមាណ ៥០០នាក់ និងមានលទ្ធភាពផលិតបានប្រមាណ២០តោន ក្នុងមួយថ្ងៃ ហើយថង់ប្លាស្ទិកទាំងនេះ គឺសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអ៉ឺរ៉ុប៕