ការព្យាករណ៍ ៖ ឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជាអាចមានចំណូល ១៧៧១ដុល្លារ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥ភាគរយ ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩ ០១៣លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។

តាមរយៈខ្លឹមសារនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានធ្វើការព្យាការណ៍ថា នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ប្រមាណ ៣,៥ភាគរយ ដែលជំរុញឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពក្នុងការរកបានចំណូលគិតជាមធ្យមប្រមាណ ១៧៧១ដុល្លារ ។

ក្នុងន័យនេះ វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងអត្រាកំណើន ៤,១ភាគរយក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២ភាគរយ ក្នុងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ។ ដោយឡែកវិស័យសេវាកម្មត្រូវបានព្យាករថានឹងមានកំណើនក្នុងអត្រាទាប៣,៦ភាគរយក្នុងឆ្នាំ២០២១បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣,០ភាគរយក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីវិបត្តិកូវីដ-១៩។

វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា១,៦ភាគរយក្នុងឆ្នាំ២០២១ ពីកំណើន០,៩ភាគរយក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ។ អនុវិស័យដំណាំត្រូវបានព្យាករថានឹងសម្រេចបានកំណើនខ្ពស់ជាងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវកំណើនផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅមានការកើនឡើង។

ជាមួយគ្នានេះ ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថារួមតូចបន្តិចមកត្រឹម ១៧,៣ភាគរយ នៃផ.ស.ស. ដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗនូវការនាំចេញ និងវិស័យទេសចរណ៍។ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១៦ ៩៨១លានដុល្លារអាមេរិក និងធានាការនាំចូលបាន៨,០ខែ ដោយហេតុថាការនាំចូលរបស់កម្ពុជាក៏នឹងងើបឡើងបន្តិចវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here