រដ្ឋាភិបាលត្រៀមចាប់ផ្តើមសាងសង់ផ្លូវជាតិថ្មីមួយខ្សែទៀតតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប

0

ដោយ៖វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលបាននឹងកំពុងសិក្សា និងត្រៀមចាប់ផ្តើមស្ថាបនាផ្លូវជាតិថ្មីមួយខ្សែទៀតនាពេលខាងមុខដ៏ខ្លី ដែលតភ្ជាប់ពីខេត្តបាត់ដំបងមកដល់ខេត្តសៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ  ដើម្បីសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្រុមការងារអន្តរក្រសួង រដ្ឋបាលខេត្ត និងក្រុមហ៊ុនសាងសង់ CHINA ROAD AND BRIDGE CORPORATION កាលពីម្សិលមិញនេះ បានបើកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។

កិច្ចប្រជុំបានឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាបនេះ  និងឱ្យក្រុមហ៊ុន PPIC រៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។

កិច្ចប្រជុំក៏បានស្នើសុំអោយម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីកន្លងមកនេះ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាការកសាងផ្លូវថ្មី ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលផ្លូវនេះអាចកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្តេចតេជោបានថ្លែងថា “យើងនឹងខំរៀបចំដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង ជាមួយនឹងខេត្តសៀមរាប ដែលផ្លូវនោះនឹងអាចជួយកាត់បន្ថយចំណាយនៃការធ្វើដំណើរ ដែលជាការធ្វើដំណើរពីបាត់ដំបង ទៅបន្ទាយមានជ័យ ហើយទៅកាន់ខេត្តសៀមរាប។ ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំណេញរហូតដល់៦៩គីឡូម៉ែត្រ ដែលជាការតភ្ជាប់មួយក្នុងចំណោមការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង”។

សម្តេចតេជោបន្តថា “ចំណុចនេះ គឺស្ថិតនៅក្នុងបេក្ខភាពគម្រោងនៅឆ្នាំ២០២១។ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះ យើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់ សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីខេត្តនានាដែលជាប់នឹងខេត្តបាត់ដំបងនេះ បានតភ្ជាប់ជាមួយនឹងខេត្តជុំវិញរួចហើយ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ទៅខេត្តប៉ៃលិន ហើយពោធិ៍សាត់តភ្ជាប់ទៅខេត្តកោះកុង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here