មេដឹកនាំនិងប្រជាជននៅលើពិភពលោកកំពុងរង់ចាំអ៊ុតមើលពីលទ្ធផលបោះឆ្នោតអាមេរិក

0

ដោយ ហ្សូលី

អន្តរជាតិ៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី ៤៦ កំពុងមានស្ថានភាពយ៉ាងក្តៅគគុក ខណៈមេដឹកនាំ និងប្រជាជនមកពីបណ្តារប្រទេសមួយចំនួន កំពុងរង់ចាំអ៊ុតមើលលទ្ធផលដែលនឹងចេញផ្សាយជាផ្លូវការនៅពេលបន្តិចទៀតនេះ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) បាននិយាយថា លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងមិនធ្វើឱ្យប៉ះពល់ដល់គោលនយោបាយរបស់ទីក្រុងតេអេរ៉ង់ ចំពោះទីក្រុងវ៉ាស៊ីនតោនឡើយ។

នៅក្នុងសុន្ទរកថាមួយ ចេញផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ មេដឹកនាំរូបនេះបានលើកឡើងថា គោលនយោបាយរបស់យើងគឺត្រូវបានកំណត់យ៉ាងជាក់លាក់ ហើយវានឹងមិនផ្លាស់ប្ដូរដោយសារតែបុគ្គលណាម្នាក់នោះដែរ។ ពោលគឺវាគ្មានបញ្ហាឡើយ សម្រាប់ពួកយើង ទោះបីជានរណាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកក៏ដោយ។

នេះបើតាមការចេញផ្សាយដោយ CNA ថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រឡេកមកមើលប្រជាជននៅប្រទេសឥណ្ឌាវិញ ប្រជាជនឥណ្ឌាក្នុងភូមិមួយនៅភាគខាងត្បូងប្រទេស ដែលជាស្រុកកំណើតរបស់ក្រុមគ្រួសារលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បាននាំគ្នាបួងសួង សុំឲ្យបេក្ខជនអនុប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យអាមេរិករូបនេះ បានសម្រេចដូចបំណង ខណៈក្រុមអ្នកកាន់សាសនាហិណ្ឌូមួយចំនួនទៀត នៅក្នុងរដ្ឋធានីញូដេលីឯណោះវិញ បានធ្វើពិធីបួងសួងតាមប្រពៃណី ដើម្បីជូនពរឲ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតមួយអាណត្តិទៀត។

ការបោះឆ្នោតនៅសហរដ្ឋអាមេរិកជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី គឺពិតជាសំខាន់ណាស់សម្រាប់ប្រជាជាតិឥណ្ឌាទាំងមូល ហើយបើមើលតាមគោលនយោបាយរបស់ លោក ត្រាំ មួយរយៈចុងក្រោយនេះ ឥណ្ឌាបាននិងកំពុងប្រែក្លាយជាដៃគូ កាន់តែសំខាន់លើសពេលណាៗទាំងអស់ សម្រាប់សហរដ្ឋអាមេរិកប្រមូលផ្តុំកម្លាំង ទប់ទល់ជាមួយចិន ហើយឥណ្ឌាក៏នឹងអាចពង្រឹងខ្លួនឯងស្របពេលជាមួយគ្នា ដើម្បីទប់ទល់នឹងប៉ាគីស្ថានផងដែរ។

បើតាមការបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Donald Trump វិញ បានបង្ហាញពី ការគាំទ្ររបស់ប្រទេស Nigeria ស្ថិតក្នុងទ្វីបអាហ្វ្រិកខាងត្បូង បានប្រមូលផ្តុំគ្នារៀបចំព្យូហយាត្រាបង្ហាញពីការគាំទ្រនិងការពេញចិត្តចំពោះបេក្ខភាពប្រធានាធិបតីនេះ។ លោកត្រាំក៏បានសរសេរសារថ្លែងអំណរគុណដល់ទឹកចិត្តរបស់ប្រជាជននៅទីនោះដែលបានគោរពស្រលាញ់លោក។

លទ្ធផលបណ្តោះអាសន្ន

បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានកំពុងនាំមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុងសំឡេងអ្នកបោះឆ្នោតតំណាង 227 ទល់នឹង 210។ ប្រសិនបើបេក្ខជនណាមួយទទួលបានអ្នកបោះឆ្នោតតំណាង 270 នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះហើយ!

LEAVE A REPLY

Please enter your comment!
Please enter your name here