ខេត្តកំពតកំពុងបង្អួតវិសាល និងសក្ដានុពលក្នុងនាមជាខេត្តជាប់តំបន់ឆ្នេរ

0

ដោយ ៖ គង់ ម៉ាលីន

កំពត ៖ ជាមួយនឹងភាពអំណោយផល នៃភូមិសាស្រ្តអំណោយផលនៃធនធានធម្មជាតិ តំបន់ឆ្នេរ ព្រៃភ្នំ ដងព្រែក និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តបានធ្វើឲ្យខេត្តកំពត មានការអភិវឌ្ឍយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អាគារពាណិជ្ជកម្មកប់ពពក

ក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំមកនេះ ខេត្តកំពតមិនដែលមានវត្តមានអាគារកប់ពពកនោះទេ ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងសាងសង់អាគារពាណិជ្ជកម្មលំដាប់អន្តរជាតិកំពស់កម្ពស់៤២ជាន់ ក្រោមទុនវិនិយោគប្រមាណ៩៥លានដុល្លារ បាននិងកំពុងចាប់ផ្តើមសាងសង់ហើយ ដែលវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមចំណែកលើកកំពស់ការអភិវឌ្ឍ ក្នុងក្រុងនេះកាន់តែមានសក្តានុពលថែមទៀត។

វត្តមានអាគារនេះ នឹងផ្លាស់ប្តូរមុខមាត់របស់ខេត្តកំពត និងជម្រុញ ហើយទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនទៀតទៅកាន់ខេត្តនេះ។
អភិបាលខេត្តកំពត លោក ជាវ តាយ ធ្លាប់បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកំណើនយ៉ាងខ្លាំង នៃប្រភពអចលនទ្រព្យក្នុងស្រុក ហើយជាប្រទេសមានសេដ្ឋកិច្ច លូតលាស់លឿន ដែលវិស័យឧស្សាហកម្ម សំណង់ និងសេវាកម្ម នៅតែជាកម្លាំងចលករយ៉ាងសំខាន់។

លោកបានបញ្ជាក់ថា “គម្រោងសាងសង់អគារពាណិជ្ជកម្មបែបទំនើប ថៃ ប៊ុនរ៉ុង កំពត បៀលឌីង នាពេលនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រ សំណង់អគារលំដាប់អន្តរជាតិជាលើកដំបូង និងខ្ពស់ជាងគេនៅខេត្តកំពត ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកំពត ហើយសម្រាប់បំពេញតម្រូវការរបស់វិនិយោគិន ភ្ញៀវជាតិ និងអន្តរជាតិ ធ្វើការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តកំពត”។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែបន្តអនុវត្តនូវកម្មវិធី យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និតិកាលទី៦ នៃរដ្ឋសភា ដើម្បីជាគន្លឹះត្រីវិស័យក្នុងការ ទ្រទ្រង់និងអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

វិស័យទេសចរណ៍

ជាមួយភាពអំណោយផលនៃតំបន់ឆ្នេរ ព្រៃភ្នំ ពិសេសភ្នំបូកគោ ដងព្រែក ធូរ៉េនដ៏មានឳជារស និងផលិតផលកសិកម្មជាច្រើនទៀត ពិសេសស្រែអំបិល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលទស្សនា ខេត្តកំពតក៏មិនទាន់ប្រើប្រាស់អស់ធនធាន និងសក្តានុពលរបស់ខ្លួនដែរ។

លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ក្នុងអំឡុងពេលនៃការគ្របដណ្តប់ដោយវិបត្តិជំងឺរាតត្បាត វិស័យទេសចរណ៍បានផ្លាស់ប្តូរយ៉ាងច្រើន។ ភ្ញៀវទេសចរភាគច្រើនកំពុងស្វែងរកគោលដៅទេសចរណ៍ធម្មជាតិ ដែលក្នុងនោះ ខេត្តកំពតគឺ ជាខេត្តមានអំណោយផលល្អបំផុត សម្រាប់សកម្មភាពទេសចរណ៍ជាច្រើនទីតាំង និងផ្តល់ឱកាសដល់ការបង្កើតអាជីវកម្មថ្មីៗ ដើម្បីបំពេញតម្រូវការទេសចរណ៍ក្នុងស្រុក។

យោងតាមមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា គិតត្រឹមដើមឆមាសទី២ ឆ្នាំ២០២០ ខេត្តកំពតបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៨៣៨.០០០នាក់ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន១,០៩ លាននាក់។ ចំនួននេះគឺជាការបង្ហាញយ៉ាងច្បាស់ថា ខេត្តកំពតមិនមានឧបសគ្គច្រើនទេ បើប្រៀបធៀបជាមួគោលដៅទេសចរណ៍ផ្សេងទៀតដូចជា ខេត្តសៀមរាប។

វិស័យអចលនទ្រព្យ

ក្រៅពីវត្តមានអាគារកប់ពពក ខេត្តកំពតក៏ទាក់ទាញគំរោងអភិវឌ្ឍន៍ធំៗជាច្រើនផងដែរ ពិសេសការវិនិយោគលើរមណីយដ្ឋានលំហែរកាយ ដូចជាគំរោងនៅតាមដងស្ទឹងព្រែកកំពង់បាយ ការពង្រីកឆ្នេរ និងគំរោងកំពតឋានសួគ៌ជាដើម។

ជាមួយនឹងកំនើននៃការវិនិយោគអចលនទ្រព្យ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសនៅពេលបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៣ នឹងធ្វើឲ្យខេត្តកំពត
ក្លាយជាមេដែកឆក់មួយ ដែលស្រូបទាញកំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ខេត្តកំពតគឺជា ខេត្តដែលមានសក្តានុពលទេសចរធម្មជាតិ ដែលខេត្តដទៃទៀតមិនមាន ហើយក៏ជាទិសដៅនៃអ្នកទេសចរនៅក្នុងស្រុក ផងដែរ ព្រោះពួកគាត់មិនសូវចង់ទៅខេត្តផ្សេងប៉ុន្មានទេ ជាពិសេសទេសចរដែលមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។

លោកបន្តថា “នៅក្នុងមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបានចាប់ផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈទ្រង់ទ្រាយធំ នៅតាមខេត្តគោលដៅជាខេត្តដែលមានសក្តានុពលខ្ពស់។ លោកបន្តថា “រដ្ឋាភិបាលបាន និងកំពុងដើរតាម Model Pickup ដោយជ្រើសរើសខេត្តធំៗ និងមានសក្តានុពលសេដ្ឋកិច្ច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ហើយខេត្តបន្ទាប់អាចជាខេត្តកំពត និងមានខេត្តបន្តបន្ទាប់ទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here