ដោយ ហ្សូលី
ភ្នំពេញ៖ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ នេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនស៊ីម៉ង់ SCG កើនឡើងទឹកប្រាក់សរុបប្រមាណ ៣៧៩ លានដុល្លារ ឬស្មើនឹង ៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមឱ្យដឹងពីសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន អេសស៉ីជី (SCG) ដែលធ្វើអាជីវកម្ម ផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ឲ្យដឹងថា នៅ៩ខែឆ្នាំ២០២០នេះ ក្រុមហ៊ុននេះអាចរកចំណូលបាន១៩២.៥លានដុល្លារអាមេរិក នៅទីផ្សារកម្ពុជា ខណៈដែលទ្រព្យសកម្មមានចំនួន៣៧៩លានដុល្លារ។
ផ្អែកតាមរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២០ SCG នៅកម្ពុជា មានទ្រព្យសរុបចំនួន ១.៥៥០ប៊ីលានរៀល (៣៧៩លានដុល្លារអាមេរិក) ដែលកើនឡើង ៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ក្រុមហ៊ុនសម្រេចបានចំណូលចំនួន ២៣៦ប៊ីលានរៀល (៥៧,៦លានដុល្លារអាមេរិក) ពីអាជីវកម្ម ផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ ។ តួលេខនេះ ធ្លាក់ចុះ ៦,៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
របាយការណ៍របស់ SCG បន្ថែមថា សម្រាប់រយៈពេល ៩ខែនៃឆ្នាំ២០២០ ទីផ្សារកម្ពុជារបស់ អេសស៉ីជី សម្រេចបានចំណូលពីការលក់ចំនួន ៧៨៨ប៊ីលានរៀល (១៩២,៥លានដុល្លារអាមេរិក) ។ ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២០ ជំងឺរាតត្បាតកូវីដ-១៩បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើវិស័យសំខាន់ៗរបស់ប្រទេសកម្ពុជា ព្រមទាំងវិស័យសំណង់និងអចលនទ្រព្យផងដែរ ។
លោក Roongrote Rangsiyopash ប្រធាននិងអគ្គនាយក អេសស៉ីជី បានមានប្រសាសន៍ថា លទ្ធផលប្រតិបត្តិការមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ បានបង្ហាញនូវចំណូលពីការលក់ចំនួន ១៣.២០៥ប៊ីលានរៀល (៣.២២២លានដុល្លារអាមេរិក) ដែលកើនឡើង ៥% បើប្រៀបធៀបនឹងត្រីមាសមុន ។ ទន្ទឹមនឹងនេះដែរ ប្រាក់ចំណេញសម្រាប់រយៈពេលនេះសម្រេចបានសរុប ១.២៧៤ប៊ីលានរៀល (៣១១លានដុល្លារអាមេរិក) កើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ប្រាក់ចំណេញសម្រាប់ រយៈពេល ៩ខែនៃឆ្នាំ២០២០ សម្រេចបានសរុប ៣.៣៨១ប៊ីលានរៀល (៨២៨លានដុល្លារអាមេរិក) កើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែកំណើនប្រាក់ចំណេញពីវិស័យធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់ និងធុរកិច្ចវេចខ្ចប់៕