ដោយស៊ីវ ម៉េង
ភ្នំពេញៈ ខេត្តព្រះសីហនុប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពរីកចម្រើនយ៉ាងលឿនស្ទើរមិនគួរឲ្យជឿ ដោយសារគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល ដោយសម្តេចតេជោហ៊ុន សែនបានចាត់ទុកខេត្តនេះ ជាក្បាលនាគនៃកំលាំងចលករជម្រុញកំនើនសេដ្ឋកិច្ចជាតិ។
តើការរីកចម្រើនរបស់ខេត្តនេះ មានអ្វីនៅពីក្រោយយើងទៅមើលទាំងអស់់គ្នានូវចំណុចមួយចំនួនដូចខាងក្រោមនេះ។
វិស័យសំណង់ និងអចលនទ្រព្យ
ជាក់ស្តែងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ លំហូរទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ បានកើនឡើងរហូតដល់ជាង៧ពាន់លានដុល្លារ ទៅគម្រោងសាងសង់សរុបចំនួន១៣៥៥គម្រោង។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះថា ការគ្រប់គ្រង និងអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសបានទាក់ទាញលំហូរទុនវិនិយោគ នៅក្នុងវិស័យនេះបានរហូតដល់ជាង៧ពាន់លានដុល្លារ។
លោកបានមានប្រសាសន៍បញ្ជាក់ថា “គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កំនើនគម្រោងសាងសង់នៅទូទាំងខេត្ត ដែលទទួលបានលិខិតអនុញ្ញាតមានចំនួន ១៣៥៥គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុប ១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបជាង ៧០៩៩លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែកសម្រាប់សំណង់អាគារខ្ពស់ៗនៅទូទាំងខេត្ត គិតចាប់ពីឆ្នាំ ២០០៥ – ២០២០ត្រឹមខែឧសភា មានកម្ពស់ចាប់ពី៥ដល់៥៣ជាន់ មានចំនួន ៥២៩គម្រោង។
គោលនយោបាយរបស់រដ្ឋាភិបាល
ដោយដាក់ចេញនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ខេត្តព្រះសីហនុបាន និងកំពុងពង្រីកល្បឿននៃការអភិវឌ្ឍលឿន និងក្លាយជាតំបន់អភិវឌ្ឍន៍ពហុបំណង និងស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់រដ្ឋាភិបាលចិន។
តាមរយៈគោលនយោបាយនេះ ផ្លូវរថភ្លើងត្រូវបានសាងសង់ និងដាក់ឲ្យដំណើរការយ៉ាងលឿន ពិសេសហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ និងកំពុងសាងសង់ ដូចជាព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានពង្រីករហូតដល់២៣០០ម៉ែត្រ សំរាប់ផ្លូវរត់របស់យន្តហោះ ដែលអនុញញ្ញាត្តឲ្យយន្តហោះខ្នាតធំអាចចុះចតបាន និងផ្លូវល្បឿនលឿនជាប្រវត្តិសាស្ត្រភ្នំពេញ ខេត្តព្រះសីហនុបាននិងកំពុងសាងសង់យ៉ាងសកម្ម។
អ្វីកាន់តែពិខសេសរដ្ឋាភិបាល ក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិន សិក្សាលទ្ឋភាពដើម្បីស្ថាបនាផ្លូវរត់ភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តនេះផងដែរ។
កំពង់ផែទឹកជ្រៅតែមួយគត់ ក៏បាននិងកំពុងពង្រីកក្រោមជំនួនរបស់ដៃគូអភិវឌ្ឍន៍ជប៉ុន ដើម្បីអាចឲ្យកម្ពុជាដឹកទំនិញឆ្ពោះទៅកាន់ប្រទេសធំៗបាន ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។
ផ្លូវជាច្រើនខ្សែបានបញ្ចប់ការសាងសង់ស្ទើរទាំងស្រុក
រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកា ប្រមាណ ៣០០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាង៣០ខ្សែនៅខេត្តមួយនេះ ជាលទ្ឋផលខេត្តនេះកំពុងនាំមុខគេក្នុងចំណោមរាជធានី ខេត្តទាំង ២៥របស់កម្ពុជា ដែលមានប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋស្អាតជាងគេ។
បច្ចុប្បន្នជាមួយនឹងវត្តមានអាគារខ្ពស់ៗកប់ពពក កើនឡើងយ៉ាងព្រោងព្រាត នៅលើផ្ទៃដីក៏មានហេដ្ឋារចនាសម្ព័ន្ឋដ៏ល្អផងដែរ ប្រៀបបីដូចជាកូនក្រមុំម្នាក់តែងខ្លួនរួច ត្រៀមចូលរោងការប៉ុណ្ណោះ។
តារារះនាទិសនារតី
ក្រៅពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការគាំទ្ររបស់វិស័យឯកជន ខេត្តព្រះសីហនុក៏មានគ្រាប់ពេជ្រដ៏អស្ចារ្យដូចខេត្តជាប់តំបន់ឆ្នេរដទៃទៀត គឺឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹប “ឆ្នេរស្អាតជាងគេលើពិភពលោក”ផងដែរ ដោយសារតំបន់ឆ្នេរកម្ពុជា ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម កោះសន្យា កោះក្របី កោះតាគៀវ កោះឬស្សីជាដើម សុទ្ឋតែស្ថិតក្នុងបញ្ជីរឆ្នេរស្អាត និងល្បីល្បាញលើពិភពលោក។
សម្បត្តិធម្មជាតិ ដែលចាយមិនចេះអស់នេះ មិនទាន់ប្រើប្រាស់អស់លទ្ឋភាពនៅឡើយ ដោយសារការផ្សព្វផ្សាយនិងធនធានមនុស្សនៅមានកម្រិត។
តំបន់សេដ្ឋកិច្ចពិសេស
ក្នុងចំណោមបណ្តាខេត្តជាប់តំបន់ឆ្នេរ ខេត្តព្រះសីហនុក្រៅពីមានឆ្នេរ កោះច្រើនជាងគេ ក៏មានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេផងដែរ ដូចជាតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង តំបន់សេដ្ឋកិច្ចពិសេសនៅតំបន់កំពង់ផែស្វ័យយ័ត្ន ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកព្រៃនប់ជាដើម។
ហេតុផលដែលអ្នលវិនិយោគជាតិ អន្តរជាតិចូលទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចទាំងនេះ មានដូចជា ទី១ ដោយសារតំបន់សេដ្ឋកិច្ចពិសេស បានផ្តល់បរិស្ថានវិនិយោគល្អ ទី២ ដោយសារតំបន់សេដ្ឋកិច្ចពិសេស មានលក្ខខ័ណ្ឌលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ទី៣ ខេត្តព្រះសីហនុមានភាពអំណោយផល លើការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស និងទី៤ ជាតំបន់ស្ថិតនៅក្នុងគោលដៅអាទិភាព នៃគំរោងគំនិតផ្តួច ផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់ប្រទេសចិន៕