ដោយ ហ្សូលី
ភ្នំពេញ ៖ កម្ពុជាគ្រោងនឹងចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដោយរដ្ឋមន្ត្រីជាសមាជិកនៅចុងសប្តាហ៍នេះ បន្ទាប់ពីចរចាលើសេចក្តីព្រាងអស់រយៈពេល ៨ ឆ្នាំ ។
ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រៀម ថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្ត្រី RCEP និង អគ្គលេខាធិការអាស៊ាន ដើម្បីត្រៀម រៀបចំកិច្ចប្រជុំកំពូលលើកទី ៤។ កិច្ចប្រជុំនេះបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអ្នកចរចាទាំងអស់ ដែលបានខិតខំប្រឹងប្រែង រយៈពេល ៨ ឆ្នាំមកនេះ និងបានដោះស្រាយបញ្ហាសេសសល់ បានបញ្ចប់ការចរចា ទាំងស្រុងស្របតាមអាណត្តិផ្តល់ឱ្យដោយប្រមុខដឹកនាំ RCEP កាលពីកិច្ចប្រជុំកំពូល RCEP លើកទី ៣ កាលពីឆ្នាំ ២០១៩ កន្លងទៅ ។
បើតាមឱ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP បានបញ្ចប់ហើយគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយប្រមុខ ដឹកនាំប្រទេសជាសមាជិកនៅក្នុងប្រជុំកំពូលលើកទី ៤ តាមរយៈវីដេអូអនឡាញ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ។
ការបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងឆ្នាំនេះមានសារៈសំខាន់ណាស់ ដើម្បីស្តារសេដ្ឋកិច្ច តំបន់ឡើងវិញឆាប់រហ័ស បន្ទាប់ពីវិបត្តិកូវីដ ១៩ ការពង្រីកខ្សែច្រវាក់តម្លៃតំបន់ និងជាពិសេសបង្ហាញជំហរគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីផ្អែកលើគោលការណ៍ច្បាប់ ។
កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក ដែលបង្កើតបានទីផ្សារទំហំជាង ២ ពាន់លាននាក់ ឬ ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុប (GDP) រួមគ្នាប្រមាណជាង ២៦ ទ្រីលានដុល្លារ ឬ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមាន ចំនួនប្រមាណ ២៨ ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោក ( ផ្អែកលើទិន្នន័យឆ្នាំ ២០១៩) ។
សមាជិកនៃកិច្ចព្រមព្រៀង RCEP មានចំនួន ១៥ ប្រទេសរួមមានប្រទេសចិន ជប៉ុន អូស្ត្រាលី ញូស៍ឡែ ន កូរ៉េខាងត្បូង និងប្រទេសអាស៊ានទាំង ១០គឺ ព្រុយណេ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន វៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ៕