ឆ្នេរអង្គោល ខេត្តកែប កំពុងត្រូវបានរៀបចំជាឆ្នេរទេសចរណ៍ដ៏ស្រស់ស្អាត

0

ដោយ ៖ ហ្សូលី

កែប ៖ បច្ចុប្បន្នឆ្នេរអង្កោល ត្រូវបានក្រុមអ្នកទេសចរកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីក្រុមការងារបានបំផុសដល់ប្រជាពលរដ្ឋនៅតំបន់នោះឱ្យយកចិត្តទុកដាក់លើផ្នែកបរិស្ថាន ពិសេសការធ្វើអនាម័យជាប្រចាំ ជាពិសេសកំពុងត្រូវបានរៀបចំជាតំបន់ឆ្នេរទេសចរណ៍ដ៏ទាក់ទាញប្រចាំខេត្តកែប។

អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ឆ្នេរអង្គោលមានប្រវែងសរុបប្រមាណ៣០០០ម៉ែត្រ ប៉ុន្តែតំបន់ដែលមានទេសចរទៅកម្សាន្តគឺត្រឹមតែប្រមាណជាង៣០០ម៉ែត្រតែប៉ុណ្ណោះ។

លោកបានបន្ដថា “ឆ្នេរអង្កោលពិតជាគោលដៅទេសចរណ៍មួយប្រកបដោយទេសភាពទាក់ទាញបំផុតដែលយើងមិនអាចមើលរំលង ហើយយើងសង្ឃឹមថា ក្រោយពេលធ្វើការអភិវឌ្ឍន៍បានរួចរាល់ ភ្ញៀវច្បាស់ជាសម្រុកទៅលំហែកម្សាន្តនៅទីនោះភ្លូកទឹកភ្លូកដីជាក់ជាមិនខាន។ ដោយឡែកផ្លូវទៅកាន់រមណីយដ្ឋានឆ្នេរអង្កោល គឺអ្នកទេសចរអាចធ្វើដំណើរតាមផ្លូវមួយខ្សែចេញពីឆ្នេរកែប ប្រ៉បតាមឆ្នេរសមុទ្រប្រវែងប្រមាណ ជិត១០គីឡូម៉ែត្រ។

លោកអភិបាលបានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពលខេត្តកែប បច្ចុប្បន្នរដ្ឋបាលខេត្តបានព្យាយាមអភិវឌ្ឍន៍ និងកែលម្អតំបន់ទេសចរណ៍នានាឱ្យកាន់តែល្អ និងទាក់ទាញ ធ្វើយ៉ាងណាអាចជួយជំរុញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តនៅខេត្តកែប មានចំនួនជាង៤ម៉ឺននាក់ក្នុង១ថ្ងៃ។

ជាមួយនឹងការកើនឡើងនូវចំនួនភ្ញៀវ សម្រាមជាបញ្ហាមួយដ៏សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីរក្សាអនាម័យជូនភ្ញៀវទេសចរអោយមានការពេញចិត្តពេញថ្លើម។

លោកបន្តថា “ចំពោះអាជីវករទាំងអស់ត្រូវមានទឹកអាល់កុល សាប៊ូ សម្រាប់ភ្ញៀវលាងសម្អាតដៃ និងត្រូវរៀបចំធុងសំរាមអោយបានល្អ និងមានរបៀបរៀបរយ។ ចំពោះភ្ញៀវទេសចរគួរតែមានម៉ាស់ អាល់កុលឬជែលតាមខ្លួន ដើម្បីការពារជំងឺឆ្លងកូវីដ១៩ ។

លោកបន្ថែមថា តំបន់ឆ្នេរកំសាន្តខេត្តកែបបានរៀបចំយ៉ាងស្អាត ប្រកបដោយអនាម័យ មានសុវត្តិភាព ដោយអនុវត្តន៍តាមប្រសាសន៍សម្តេចតេជោ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការពារជំងឺកូវីដ១៩”។

បច្ចុប្បន្ន រដ្ឋបាលខេត្តកែបបាននិងកំពុងជំរុញ ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤ ដើម្បីរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែរកាយកម្រិតខ្ពស់”ដ៏ទាក់ទាញមួយនៅកម្ពុជា ។

ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ សម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពលដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដើម្បីក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here