ដោយ ហ្សូលី
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាបនឹងពង្រីកផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប ឱ្យកាន់តែធំទូលាយជាងមុន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងពង្រឹងផ្នែកសេដ្ឋកិច្ច ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះពិនិត្យគម្រោងស្ថាបនាផ្លូវជាតិលេខ៦ក្នុងខេត្តសៀមរាបថា គម្រោងពង្រីកផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់ រហូតដល់រង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប មានប្រវែងជិត ៦ គីឡូម៉ែត្រ និងចាប់ផ្តើមស្ថាបនានាពេលឆាប់ៗខាងមុខនេះ ដោយគម្រោងជួសជុល និងប្រើប្រាស់ពេលវេលាប្រមាណជាង១ឆ្នាំប៉ុណ្ណោះ។
លោកបន្តថា គម្រោងស្ថាបនាផ្លូវជាតិលេខ៦នេះ គឺការពង្រីកមានលក្ខណៈធំទូលាយជាងមុន ជាប្រភេទផ្លូវ៦គន្លង និងចិញ្ចើមផ្លូវ៣ម៉ែត្រសងខាងទៀត ដោយប្រើប្រាស់ថវិកាកម្ចីពីធគានាអភិវឌ្ឍអាស៊ី។
ដោយឡែកចាប់ពីចំណុចរង្វង់មូលជ័យវរ្ម័នទី៧ ទៅកាន់ស្រុកក្រឡាញ់ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា កំណាត់ផ្លូវនេះ បានធ្វើការអ៊ុតកៅស៊ូប្រភេទAC រួចរាល់ហើយ ចំណែកឯចាប់ពីស្រុកក្រឡាញ់ នៅកាន់ក្រុងសិរីសោភ័ណ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់ រួចរាល់ហើយដែរ ដើម្បីអ៊ុតប្រភេទកៅស៊ូ ACដូចគ្នា។
គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីព្រះរាជដំណាក់ក្រុងសៀមរាប មកដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧នេះ មានប្រវែងសរុប ៥,៨០០ម៉ែត្រ ទទឹង២៩ម៉ែត្រ ដោយបែងចែកជា៦គន្លងទៅមក សម្រាប់រថយន្ត និងមានផ្លូវទៅមកសម្រាប់ម៉ូតូកង់ និងផ្លូវថ្មើរជើងដោយឡែកសរុប៣ម៉ែត្រ ព្រមទាំងមានរៀបចំសួនច្បារពុះចែកទ្រូងផ្លូវទទឹងប្រវែង២ម៉ែត្រផងដែរ៕