អភិបាលខេត្តកំពង់ចាម ជំរុញឱ្យម្ចាស់បុរីនិងម្ចាស់គម្រោងដីឡូតិ៍រៀបចំឯកសារឱ្យបានត្រឹមត្រូវមុនពេលប្រកាសលក់

0

ដោយៈ វុត្ថា

កំពង់ចាមៈ អភិបាលខេត្តកំពង់ចាមបានព្រមាន និងជំរុញឱ្យគ្រប់ម្ចាស់អភិវឌ្ឍន៍គម្រោងបុរីលំនៅដ្ឋាន ក៏ដូចជាគម្រោងដីឡូតិ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំឯកសារគតិយុត្តិឱ្យបានត្រឹមត្រូវ មុនពេលលក់ទៅឱ្យអតិថិជន ឱ្យស្របតាមការណែនាំរបស់ក្រសួងរៀបចំដែន នគរូបនីយកម្មនិងសំណង់ ជាពិសេសជៀសវាងកើតមា​នវិវាទ។

លោក អ៊ុន ចាន់ដាអភិបាលខេត្តបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់គម្រោងបុរី បណ្តុំលំនៅដ្ឋាន និងម្ចាស់គម្រោងដីឡូតិ៍នៅក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានមានប្រសាសន៍ថា គ្រប់អ្នកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ត្រូវតែធ្វើឡើង ដោយការគោរពតាមច្បាប់របស់ក្រសួងជាធរមាន។

លោកបានបញ្ជាក់ថា ប្រកាសលេខ០៨៧ ដ.ន.ស ប្រក/នីក. របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការអភិវឌ្ឍដី និងប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ គឺត្រូវតែអនុវត្តជាចាំបាច់ ហើយក៏សូមកោតសរសើរដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈក្នុងការបម្រើសេវាគ្រប់រូបភាពជូនប្រជាពលរដ្ឋ។

ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនតូច ដែលសំណូមពរឱ្យបងប្អូនយើងទាំងអស់ មានការអធ្យាស្រ័យយោគយល់ សម្រាប់ការយឺតយាវក្នុងប្រការណាមួយ។

លោកបន្តថា “ដើម្បីឱ្យមានការគាំទ្រ និងជំនឿជាក់ពីអតិថិជនរបស់ខ្លួន អ្នកនិយោគ ត្រូវរៀបចំឯកសារគតិយុត្តិឱ្យបានសមស្រប តាមនិតិវិធី និងបច្ចេកទេសដែលបានណែនាំ។ ជាមួយគ្នានេះ ម្ចាស់ដីឡូត៍ និងម្ចាស់សំណង់ផ្ទះល្វែង ត្រូវរៀបចំ និងចងក្រងឯកសារឱ្យបានត្រឹមត្រូវ មុនដាក់មកជំនាញ ព្រោះឯកសារដែលត្រឹមត្រូវជាមូលដ្ឋានគ្រឹះនៃការជំរុញការផ្តល់សេវាឱ្យបានលឿន និងបង្កើនជំនឿទុកចិត្តដល់អតិថិជនរបស់ខ្លួន”។

ជាមួយគ្នានេះ លោកក៏បានស្នើ និងលើកទឹកចិត្តឱ្យម្ចាស់ដីឡូតិ៍ ម្ចាស់សំណង់ផ្ទះល្វែង និងបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់យន្តការច្រកចេញចូលតែមួយ ក្នុងការមកទទួលសេវាសាធារណៈរបស់រដ្ឋ។ ដោយឡែកសម្រាប់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវប្រកាន់ខ្ជាប់យន្តការច្រកចេញចូលតែមួយ ដែលបានកំណត់ដោយរាជរដ្ឋាភិបាល និងមិនត្រូវចាត់ការលើឯកសារណាមួយ ដែលមិនបានប្រើប្រាស់យន្តការច្រកចេញចូលតែមួយ ដើម្បីជៀសវាងការការចោទប្រកាន់អំពើពុករលួយមកលើមន្ត្រីជំនាញរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here