ដោយគង់ សូរិយា
ភ្នំពេញៈ គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ៧០០លានដុល្លារ D.I RIVIERA នៅទីក្រុងកោះពេជ្រ បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ បន្ទាប់ពីបានផ្អាកដំណើរការមួយរយៈមក។
អគ្គនាយករងក្រុមហ៊ុន OCIC ដែលជាម្ចាស់អភិវឌ្ឍន៍ទីក្រុងរណបកោះពេជ្រ លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះបានផ្អាកមួយរយៈ ដោយសារវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបានទិញយកគំរោងនេះពីដំបូងឡើយ ប៉ុន្តែបច្ចុប្បន្ននេះសហគ្រាសកាណាឌីយ៉ា បានទិញយកគំរោងនេះមកវិញ និងបានចាប់ផ្តើមសាងសង់ជាថ្មី ដើម្បីបញ្ចប់គម្រោងនេះនាពេលខាងមុខ។
គំរោងនេះ ដើមឡើយត្រូវបានទិញដោយក្រុមហ៊ុន GREENLAND ដែលមានមូល ដ្ឋាននៅប្រទេសចិន ដើម្បីសាងសង់់ជាសណ្ឋាគារកម្រិតផ្កាយ៥ និងខុនដូ ប៉ុន្តែក្រុមហ៊ុននេះទំនងជាមានបញ្ហាអ្វីមួយ ទើបគំរោងនេះត្រូវបានផ្អាក។
យោងតាមប្រភពផ្ទៃក្នុងក្រុមហ៊ុនបានឲ្យដឹងថា ខុនដូនៅក្នុងគំរោងនេះ ត្រូវបានក្រុមហ៊ុនសាងសង់និងរៀបចំយូនីតនិមួយធំៗ ដែលមានការលំបាកលក់ ព្រោះវាមានតម្លៃថ្លៃ។
លោកទូច សំណាងបានបន្តថា គំរោងនេះដើមឡើយមានអាគារចំនួន៥ ដោយអាគារខាងមុខចំនួនពីរមានកំពស់២៨ជាន់ និងអាគារខាងក្រោយមានចំនួនបី ដែលមានកំពស់៣៨ជាន់ និងមានអាងទឹកអូសពីលើអាគារនេះប្រវែងជាង២០០ម៉ែត្រ ប៉ុន្តែការសាងសង់ឡើងវិញនាពេលនេះ ការសាងសង់អាងទឹកនៅខាងលើឬអត់ ក្រុមហ៊ុនមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ។
លោកបន្តថា “យើងបានចាប់ផ្តើមឡើងវិញ ប៉ុន្តែបញ្ចប់នាពេលណាមិនទាន់ច្បាស់នៅឡើយទេ វាអាស្រ័យលើស្ថានភាពទីផ្សារ ដែលយើងដឹងស្រាប់ហើយបច្ចុប្បន្នយើងមានវិបត្តិសេដ្ឋកិច្ច ដែលរងពីការរីករាលដាលជំងឺ Covid19” ។ លោកបន្តថា “ចំណែកផ្សារទំនើបស្ថិតនៅកណ្តាលគម្រោងនេះ ក៏មិនទាន់កំណត់ពេលវេលាជាក់លាក់ ដើម្បីបើកដំ ណើរការនោះដែរ” ។
ទីក្រុងកោះពេជ្រ ត្រូវបានអភិវឌ្ឈន៍ដោយក្រុមហ៊ុន OCIC ដែលមានផ្ទៃដីទំហំជាង ១០០ហិកតា បច្ចុប្បន្នផ្ទៃក្រឡារបស់កោះទាំងមូល ទើបអភិវឌ្ឈន៍៍បានប្រមាណ៥០ភាគរយប៉ុណ្ណោះ ខណៈក្រុមហ៊ុនគ្រោងនឹងរើសាលពិព៌ណ ទៅកាន់ទីក្រុងរណបជ្រោយចង្វារនាពេលខាងមុខ៕