ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅប៉ែកខាងត្បូងឈៀងខាងលិចក្រុងត្រូវបានគេទទួលស្គាល់ថា ជាតំបន់ដែលមានប្រជាប្រិយភាពផ្នែកសំណង់លំនៅដ្ឋានកម្រិតមធ្យម ជាពិសេសនៅក្នុងខណ្ឌដង្កោ។ ដោយឡែកសម្រាប់នៅប៉ែកខាងជើងឈៀងខាងលិចរាជធានីភ្នំពេញនៃតំបន់ឧដុង្គ បច្ចុប្បន្នក៏កំពុងតែមានតម្រូវការខ្ពស់សម្រាប់វិស័យឧស្សាហកម្ម និងសំណង់លំនៅដ្ឋានផងដែរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បច្ចុប្បន្ននៅភាគខាងលិចក្រុងមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសវិស័យលំនៅដ្ឋានស្ទើរពេញទៅហើយ
ហើយក៏កំពុងដេញបន្តទៅប៉ែកខាងជើងដែលជាតំបន់ជាយក្រុងជាបន្តបន្ទាប់។
លោកឧកញ៉ាបានបញ្ជាក់ថា “ជាយក្រុងភ្នំពេញដេញទៅដល់តំបន់ភ្នំបាសិទ្ធគឺមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានយ៉ាងច្រើន ហើយកំពុងបន្តឆ្ពោះទៅតំបន់ក្បែរខាងបន្ថែមទៀត ជាពិសេសតំបន់ឧដុង្គ ដែលបច្ចុប្បន្នកំពុងចាក់បំពេញដោយសំណង់ធំៗបម្រើដល់វិស័យឧស្សាហកម្ម ហើយក៏មានគម្រោងលំនៅដ្ឋានផងដែរ”។
លោកឧកញាបញ្ជាក់ថា “សម្រាប់តែគម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានគឺមានច្រើន ដែលជាប្រភេទលំនៅដ្ឋានតម្លៃសមរម្យ និងកម្រិតមធ្យម ហើយកំណើនទាំងនេះនឹងនៅតែបន្តទៅទៀតក្នុងចន្លោះប្រមាណ ៣-៥ ឆ្នាំទៀត ជាពិសេសនៅក្បែរតំបន់ផ្លូវ៥១ និងក្រវាត់ក្រុង”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ ធ្លាប់បានមានប្រសាសន៍ថា ស្ទើរតែគ្រប់តំបន់ជាយក្រុងរាជធានីភ្នំពេញទាំងអស់គឺសុទ្ធតែមានតម្រូវការប្រើប្រាស់ដីទាំងអស់ ជាពិសេសត្រឹមចម្ងាយចាប់ពីប្រមាណជាង៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកបានបន្តទៀតថា “នៅតំបន់ឧដុង្គ គឺមានភាពល្អប្រសើរច្រើន ដែលក្រៅពីនៅជិតក្រុង និងមានផ្លូវហាយវេ (ផ្លូវជាតិលេខ៥) និងផ្លូវជាតិលេខ៥១ ដែលរដ្ឋាភិបាលកំពុងតែធ្វើការកែលម្អជាបណ្តើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូន តំបន់នេះនៅមានវិសាលភាពធំទូលាយងាយស្រួលអភិវឌ្ឍន៍ ហើយតម្លៃក៏នៅធូរថ្លៃ”។
លោកបានបន្តទៀតថា “កត្តាភូមិសាស្ត្រនៅទីនេះល្អប្រសើរទាំងការរស់នៅ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់វិស័យដឹកជញ្ជូន ជាក់ស្ដែងក្រៅពីមានផ្លូវជាតិលេខ៥ ដែលជាផ្លូវហាយវេ ថែមទាំងមានភាពងាយស្រួលក្នុងការឆ្លងទៅកាន់ផ្លូវជាតិលេខ៦ តាមស្ពានព្រែកក្ដាម និងឆ្ពោះទៅផ្លូវជាតិ៤ តាមផ្លូវ៥១ ដែលកំពុងតែមានសន្ទុះការអភិវឌ្ឍខ្លាំង និងមានតម្រូវការប្រើប្រាស់ដីខ្ពស់នាពេលបច្ចុប្បន្ននេះ”៕