ដោយៈហ្សូលី
ភ្នំពេញៈ នៅឆ្នាំ២០៣០ខាងមុខ តម្រូវការលំនៅដ្ឋានទូទាំងរាជធានីភ្នំពេញ នឹងហក់ឡើងដល់កន្លះលានខ្នង។ នេះបើតាមឱ្យដឹងពីរបាយការណ៍ របស់ក្រុមអ្នកជំនាញស្រាវជ្រាវរបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal កាលពីថ្មីៗនេះ។
យោងតាមឯកសារដែលមានចំណងជើងថា “ភ្នំពេញ ឆ្នាំ 2030 ” បានបង្ហាញថា លំនៅឋានដែលបាននិង កំពុងសាងសង់នឹងកើនឡើង៣ដង ក្នុងរយៈពេល១៣ឆ្នាំខាងមុខ។ ក្រុមហ៊ុនវាយតម្លៃខាងលើបានអះអាងថា បច្ចុប្បន្នចំនួនលំនៅឋានសរុបមានចំនួន ១៥០,០០០ខ្នង ប៉ុន្តែនឹងកើនឡើងដល់ ៤៥០,០០០ខ្នងនៅឆ្នាំ២០៣០ ។
របាយការណ៍ដដែលបន្តថា នៅក្នុងចំណោមខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញមានខណ្ឌចំនួន៧បាន និងកំពុងមានសកម្មភាពមមាញឹក ក្នុងការសាងសង់សំណង់លំនៅឋាន ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ ដែលនឹងធ្វើឱ្យកើនឡើងរហូតដល់ជិតកន្លះ លានខ្នងនៅឆ្នាំ២០៣០ ។
កំណើននេះ អាចបណ្តាលមកពីការអភិវឌ្ឍ គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដែលកាន់តែបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ចេញចូលក្រុង ជាពិសេសការតភ្ជាប់បណ្តាញផ្លូវនានា រួមជាមួយលំហូរនៃចំនួន ប្រជាសាស្ត្រចូលកាន់តែច្រើន ។
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច បានមានប្រសាសន៍ឱ្យដឹងថា កំណើនលំនៅ ដ្ឋានកាន់តែច្រើនឡើងៗ នឹងបណ្តាលឱ្យតម្លៃអចលនទ្រព្យកាន់តែខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តម្លៃដីធ្លីមានការកើនឡើងចន្លោះពី ៧-១០ភាគរយក្នុងមួយឆ្នាំអាស្រ័យទៅតាមទីតាំង។
លោកបន្តថា “ការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យនាពេលបច្ចុប្បន្ន មិនឆ្លើយតបនឹងកម្រិតជីវភាពរបស់កម្មករទេ ព្រោះផ្ទះមួយខ្នងត្រូវចំណាយប្រាក់យ៉ាងតិច២៥,០០០ ដុល្លារ។ វិបត្តិនេះកើតឡើងរួចហើយនៅហុងកុង ដូច្នេះកម្ពុជាគួរតែរៀមខ្លួនជាមុន” ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញផ្សាយកាលពីពេលថ្មីៗនេះថា គម្រោងសំណង់លំនៅឋាននៅតែបន្ត មានកំណើនល្អដែលនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ មានចំនួន២,៨១៩ គម្រោង ឬ ស្មើនឹង៨៤% នៃ គម្រោងសាងសង់សរុប ។ គម្រោងសំណង់លំនៅឋាននេះកើនឡើង ៦.៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕