អភិបាលខេត្ត​ព្រះសីហនុ​ព្រមាន​អ្នក​ដែល​បំពាន​សាងសង់​សំណង់​នៅ​ផ្លូវ​លេខ២០០ត្រូវ​រុះរើ​ជាបន្ទាន់

0

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ អភិបាលខេត្ត​ព្រះសីហនុ លោក​គួច ចំរើន​បាន​ព្រមាន និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​សំណង់ និង​កំពុង​រស់នៅ ក៏ដូចជា ប្រកប​អាជីវកម្ម​ដែល​បំពាន​នៅលើ​ផ្លូវ​លេខ២០០ ដែល​ស្ថិតនៅក្នុង​គម្រោង​ពង្រីក និង​កែលម្អ​សោភ័ណភាព​ទុកជា​ផលប្រយោជន៍​រួម នៅក្នុង​ក្រុងព្រះសីហនុ​ទាំងមូល​ត្រូវ​រុះ​រើចេញ​ជាបន្ទាន់។

កិច្ចប្រជុំ​ដោះស្រាយ​រៀបចំ​ផ្លូវ​លេខ២០០ ស្ថិត​ក្នុងភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី២៥ វិច្ឆិកា​កន្លងមកនេះ លោក​អភិបាលខេត្ត​ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​ព្រះសីហនុ ប្រធាន​មន្ទីរ​អង្គភាព និង​នាយក​ទីចាត់ការ​សាលាខេត្ត​ព្រះសីហនុ​ផងដែរ។

លោក​អភិបាល​បាន​មានប្រសាសន៍ថា តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ក្រុង គឺ​ប្រជាពលរដ្ឋ​ចំនួន១៥៣គ្រួសារ បាន​សាង​សង់ផ្ទះ​លើដី​ចំណីផ្លូវ​លេខ២០០ ដែលជា​ដី​សាធារណ:របស់​រដ្ឋ យក​ធ្វើជា​កម្មសិទ្ធិ និង​យកទៅ​ជួល​បន្ត​ឱ្យ​ត​តី​យ​ជន​ក្នុងនោះ​មាន​ជនបរទេស​ជាដើម ដោយ​បើក​អាជីវកម្មផ្សេងៗ ក្នុងនោះ​ឃើញ​អាជីវកម្ម​មួយចំនួន​មាន ដូចជា​កោស​ជប់ ម៉ាស្សា និង​ការលួចបើក​បម្រើ​សេវាក​ម្ម​ផ្លូវភេទ​ជាដើម ដែល​ទង្វើ​នេះ​វា​ផ្ទុយ​នឹង​ច្បាប់​របស់​រដ្ឋ និង​ប៉ះពាល់​ផលប្រយោជន៍​សាធារណ: និង​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។

យោងតាម​មាត្រា២៥៩ នៃ​ច្បាប់​ភូមិបាល ការប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី៥.០០០.០០០រៀល(ប្រាំ​លាន) ដល់៥០លាន​ឬ/និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី១(មួយ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ។

លោក​គួច ចំរើន បាន​បញ្ជាក់ថា​បន្ថែមថា ផ្លូវ​លេខ២០០នេះ ជា​ចំណុចកណ្តាល​របស់​ក្រុងព្រះសីហនុ ដែល​ចេញពី​រង្វង់​មូល​តោ​ពីរ មាន​ផ្លូវ៦ខ្សែ ហើយ​យើង​បានធ្វើការ​អភិវឌ្ឍ​បាន​ចំនួន៥ខ្សែ​ហើយ។ ចំពោះមុខ​រដ្ឋបាលខេត្ត​នឹង​ស្ថាបនា​ផ្លូវ២០០ ដោយ​ពង្រីក​ទៅតាម​ទំហំ​នៅក្នុង​ប្លង់​ជា​លក្ខណៈ​ប្រព័ន្ធ ដើម្បី​កែលម្អ​សោភ័ណភាព​ផ្លូវ​នេះ ដោយសារ​វា​ស្ថិតនៅ​ជាប់​នឹង​របង មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ ដែល​អាច​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​អ្នកជំងឺ​បាន​លឿន​ឆាប់រហ័ស ករណី​មានការ​សង្គ្រោះបន្ទាន់​ផងដែរ។

លោក​បន្តថា “ថ្មីៗនេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អនុញ្ញាតិ​ឱ្យ​សាងសង់​មន្ទីរពិសោធន៍​វិ​ជ្ជ​សាស្ត្រ នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្រុងព្រះសីហនុ​នេះ ដើម្បី​ធ្វើការ​វិភាគ​រក​វីរុស​កូ​វីដ-១៩ ឬ​វិភាគ​ជំងឺឆ្លង​ផ្សេងទៀត ហើយ​អាច​គ្រោង​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០២០ ឬ​ដើមឆ្នាំ២០២១ខាងមុខ” ។

លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បានឱ្យដឹងថា ផ្លូវ​លេខ២០០ មាន​ទីតាំង​ស្ថិ​នៅ​ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​សាង​សាង់​សំណង់​រំលោភ លើដី​ចំណីផ្លូវ​មាន​ចំនួន១២៨ខ្នង​ផ្ទះ ស្នើ​នឹង១៥៣គ្រួសារ  ក្នុងនោះ​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍ មាន​ចំនួន២៥គ្រួសារ ផ្ទះជួល៣៥គ្រួសារ ផ្ទះ​បិទទ្វារ​ចោល៥៩ខ្នង​ផ្ទះ ផ្ទះ​លក់​ឱ្យ​ជនបរទេស​ចំនួន៣ខ្នង ដី​ទំនេរ​ចំនួន២ឡូ​តិ៍ សំណង់​គ្រោង​ដែក២ និង​សំណង់​បេតុង២៕

LEAVE A REPLY

Please enter your comment!
Please enter your name here