ដោយ ហ្សូលី
ភ្នំពេញៈ គម្រោងបុរីលំនៅដ្ឋាននៅកម្ពុជា កំពុងមានកំណើនជាបន្តបន្ទាប់។ ចំណែកការអភិវឌ្ឍនៅតែដំណើរការជាធម្មតាដើម្បីផ្គត់ផ្គង់ឱ្យទាន់តម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។
អ្នកជំនាញបានលើកឡើងថាបុរីលំនៅដ្ឋានភាគច្រើនផ្តោតលើអតិថិជនក្នុងស្រុកដែលមានគម្រោងទិញសម្រាប់រស់នៅលក្ខណៈគ្រួសារ។
អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ឱ្យដឹងថា តម្រូវការបុរីលំនៅដ្ឋាននៅតែរក្សាបានដំណើរការល្អប្រសើរព្រោះម្ចាស់គម្រោងភាគច្រើនកំពុងទាក់ទាញអតិថិជនក្នុងស្រុក។ចំណែកឯការអភិវឌ្ឍនៅតែរក្សាបានដំណើរការសាងសង់និងមានបុរីខ្លះបានប្រគល់សោជូនដល់អតិថិជនខ្លះទៅហើយ។
លោកស្រីបន្តថា “នៅកម្ពុជាមិនទាន់មានសញ្ញាណាមួយដែលបញ្ជាក់ថា ការផ្គត់ផ្គង់លើផ្នែកបុរីលំនៅដ្ឋាននេះ លើសពីតម្រូវក្នុងទីផ្សារនោះទេ។ ម្យ៉ាងម្ចាស់គម្រោងនិមួយៗរិះរកយុទ្ធសាស្រ្ត សម្រាប់ផ្តល់លក្ខខណ្ឌក្នុងការលក់ ទៅឱ្យអតិថិជនឱ្យមានភាពងាយស្រួលជាងពេលមុនៗ”។
នាយិការូបនេះបញ្ជាក់ថាអតិថិជនដែលទិញបុរីលំនៅដ្ឋានភាគច្រើនទិញទុកសម្រាប់រស់នៅលក្ខណៈគ្រួសារមិនមែនសម្រាប់ទុកវិនិយោគបន្តអ្វីនោះទេ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់មានប្រសាសន៍កាលពីពេលថ្មីៗថា តម្រូវការលំនៅឋាននៅតែបន្តមានពីសំណាក់ពលរដ្ឋកម្ពុជា រីឯតម្លៃវិញក៏មិនចុះផងដែរ ដើម្បីឆ្លើយតបទៅតម្រូវការនេះ អ្នកអភិវឌ្ឍន៍បន្តអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានទាំងតម្លៃកម្រិតមធ្យម និងកម្រិតខ្ពស់។
លោកបន្តថា “តាមការមើលឃើញជាក់ស្តែង នៅតាមបណ្តោយផ្លូវជាតិសំខាន់ៗចេញពីភ្នំពេញទៅតាមបណ្តាខេត្ត មានគម្រោងអភិវឌ្ឍន៍ទាំងលំនៅឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ជាច្រើនមានការកើនឡើងច្រើន និងបន្តរីកចំរើនបន្ថែមទៀត”។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែមុនបានឱ្យដឹងថា គម្រោងបើកដំណើរការថ្មីទាំងនេះ គ្របដណ្តប់ក្នុងខណ្ឌចំនួន៦ មានដូចជា ខណ្ឌសែនសុខ កំបូល ព្រែកព្នៅ ដង្កោ ជ្រោយចង្វារ និងខណ្ឌមានជ័យ។ ក្នុងចំណោមនោះ ខណ្ឌសែនសុខ មានចំណែក៦០ភាគរយនៃគម្រោង លំនៅឋានថ្មីសរុបដែលបើកដំណើរការ៕