ដោយគង់ សូរិយា
ជាមួយនឹងកំនើននៃការវិនិយោគរបស់ចិន នៅខេត្តព្រះសីហនុ ខេត្តនេះបានរីកចម្រើន និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន ប៉ុន្តែបញ្ហាប្រឈមនានាកំពុងកើនឡើងផងដែរទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋ និងនិរន្តរភាពបរិស្ថាន។
អភិបាលខេត្តព្រះសីហនុលោកយន្ត មីនបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុបានរៀបចំប្លង់គោលរួចហើយ ប៉ុន្តែមិនទាន់បានអនុម័តដោយប្លង់គោលនោះស្ថិតនៅក្នុងដៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ត្រួតពិនិត្យ។លោកបន្តថា ជាមួយនឹងកំនើនដីធ្លី បានធ្វើឲ្យខេត្តជួបបញ្ហាច្រើនក្នុងការដោះស្រាយបញ្ហាអនាធិបតេយ្យនានា។
ទាក់ទងនឹងការអភិវឌ្ឍលោកយន្ត មីនបានថ្លែងថា ខេត្តកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីឆ្លើយតបនឹងកំនើនយានយន្ត និងចំនួនមនុស្សកើនឡើងនៅក្នុងខេត្តនេះ ពិសេសកំពុងដោះស្រាយបញ្ហាបរិស្ថាន ដោយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ និងចូលរួមធ្វើអាងចម្រោះទឹកកខ្វក់ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន។
លោកបន្តថា “យើងកំពុងខិតខំបំផុសឲ្យប្រជាជនចូលរួម ប៉ុន្តែបើមិនធ្វើអាជ្ញាធរនឹងចាប់បង្ខំឲ្យធ្វើ ព្រោះបើមិនធ្វើវានឹងរលាយហើយ”។
លើកឡើងពីស្ថានភាពអភិវឌ្ឍន៍ខុនដូនៅខេត្តនេះ អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ទីផ្សារខុនដូនៅខេត្តព្រះសីហនុ ដែលរំពឹងដាក់ចូលទីផ្សារឆ្នាំនេះ មានប្រមាណ800យូនីត ខណៈគម្រោងភាគច្រើនកំពុងសាងសង់ និងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។ អ្នកនាងបន្តថា ចំនួនខុនដូនៅខេត្តព្រះសីហនុនៅមានកម្រិតនៅឡើយ ខណៈអ្នកវិនិយោគជាច្រើនកំពុងតម្រង់គោលដៅឆ្ពោះទៅកាន់ខេត្តនេះ ដែលធ្វើឱ្យមានតម្រូវការលំនៅឋាន កើនឡើងយ៉ាងប្រសើរ។ ដោយឡែកសម្រាប់តម្លៃវិញ នៅទីនោះគិតជាមធ្យម មានចាប់ពីចន្លោះ 1000 ទៅ 1800 ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនVTRUST Appraisalបានរកឃើញថា បច្ចុប្បន្នខុនដូនៅខេត្តព្រះសីហនុ មានផ្ទះចំនួន៥០០០យូនីត និងមានគំរោងសរុប១៦គំរោង។
លោកឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអចលនទ្រព្យ Hutton CPL និងជាតំណាងផ្នែកផ្តាច់មុខរបស់ខុនដូរSea Gate Suite ក៏បានទទួលស្គាល់ផងដែរថា បច្ចុប្បន្នការវិនិយោគទៅលើវិស័យអចលនទ្រព្យ គឺភាគច្រើនជាការវិនិយោគិនជនជាតិចិនពិតមែន ប៉ុន្តែក៏មានជនបរទេសផ្សេងទៀត រួមជាមួយជនជាតិខ្មែរផងដែរ។
លោកឧកញ៉ាបញ្ជាក់ទៀតថា «ជាក់ស្ដែងដូចជាគម្រោងខុនដូរ Sea Gate Suite ដែលកំពុងដំណើរការលក់នាពេលបច្ចុប្បន្ន ដែលមានកំពស់៤៣ជាន់ស្ថិតនៅតាមបណ្តោយឆ្នេរជ័យជំនះ ជាតំបន់ផ្លូវប្រសព្វ និងជាទីតាំងអាចគយគន់ទេសភាពសមុទ្របានយ៉ាងប្រសើរនោះ អតិថិជនក្នុងស្រុកទិញត្រឹម១ឬ២Units ប៉ុណ្ណោះ ប៉ុន្តែសម្រាប់វិនិយោគិនចិនវិញទិញរហូតដល់1ជាន់ឬ២ជាន់តែម្តង»។
លោកឧកញ៉ាក៏បានបញ្ជាក់ពីលក្ខខណ្ខ នៃការទិញលក់ខុដូប្រណីត និងខ្ពស់ជាងគេនៅក្រុងព្រះសីហនុផងដែថា ខុនដូ Sea Gate Suite បានចាប់ផ្តើមជាមួយតម្លៃចាប់ពី៧ម៉ឺនដុល្លារឡើងទៅ និងតម្លៃខ្ពស់ជាងនេះអាស្រ័យលើទំហំបន្ទប់និងជាន់នីមួយៗ។ អ្នកទិញតម្រូវឱ្យបង់ប្រាក់ត្រឹម1ភាគរយសម្រាប់ឆ្នាំទី1បង់២ភាគរយសម្រាប់ឆ្នាំទី២ និង៣ភាគរយសម្រាប់ឆ្នាំទី៣។
បច្ចុប្បន្នខេត្តព្រះសីហនុមានកាស៊ីណូចំនួងជាង២០ និងមានភ្ញៀវទេសចរ ន៍ចិនកំពុងតែចាប់អារម្មណ៍ច្រើនក្នុងខេត្តនេះ ជាមួយនឹងការភ្ជាប់ការហោះហើរយ៉ាងសកម្មពីប្រទេសចិន និងគោលដៅផ្សេងៗទៀតមកកាន់ខេត្តនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ជំរុញឲ្យវិស័យលំនៅដ្ឋាន ពិសេសអាគារបែបសហកម្មសិទ្ឋ(ខុនដូ)មានការរីកចម្រើនយ៉ាងលឿន។
គិតត្រឹមដើមឆ្នាំ២០១៧នេះ ចិនវិនិយោគទឹកប្រាក់ជាង៣៥០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដោយបានបង្កើតរោងចក្រ សហគ្រាសប្រមាណ១៣០នៅតំបន់នោះ និងបានផ្តល់ការងារដល់ប្រជា ពលរដ្ឋជាង១០ម៉ឺននាក់។
លោកឡៅ ហេងអ្នកវិនិយោគសណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុបានមានប្រសាសន៍ថា លោកស្វាគមន៍គំរោងវិនិយោគជាច្រើនពីអ្នកចិន ដែលបាននិងកំពុងកើនឡើងក្នុងខេត្តព្រះសីហនុ។ ការចូលមកវិនិយោគជាសញ្ញាល្អប្រសើរ និងសុទ្ឋជារឿងល្អ ដែលវានឹងជួយជំរុញកំនើនសេដ្ឋកិច្ចរបស់យើង ប៉ុន្តែការត្រួតពិនិត្យគុណភាពសំណង់ និងផលប៉ះពាល់បរិស្ថានជារឿងចាំបាច់ដែលយើងត្រូវធ្វើជាបន្ទាន់។
លោកបន្តថា “យើងរីករាយជាមួយការវិនិយោគ ប៉ុន្តែអាជ្ញាធរគួរកសាងហេដ្ឋារចនាសម្ព័ន្ឋឲ្យបានប្រសើរ និងសមស្របនឹងការអភិវឌ្ឍជាក់ស្តែង ពិសេសបញ្ហាសំរាម និងទឹកកខ្វក់ជារឿងដែលត្រូវតែគិតគូរជាចម្បង”៕