ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញៈ ក្រសួងទេសចរណ៍បានបើកប្រជុំក្រុមការងារជំនាញ ដើម្បីត្រៀមលក្ខណៈអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានរៀបចំសេចក្តីព្រាងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ រួចហើយ ដែលផែនទីចង្អុលផ្លូវនេះចែកចេញជា៣ដំណាក់កាលរួមមាន ទី១ ការគ្រប់គ្រងវិបតិ្តក្នុងដំណាក់កាលទម្លាប់ថ្មី (New Normal) និងការរៀបចំផែនការស្តារឡើងវិញ (២០២០-២០២១)។
ទី២ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣) និងទី៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មី នៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។
សេចក្តីព្រាងផែនទីចង្អុលផ្លូវនេះ បានដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការជាតិអវិឌ្ឍន៍ទេសចរណ៍ និងបានទទួលការគាំទ្រពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ហើយគ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំចុងក្រោយ របស់គណៈកម្មាធិការជាតិអវិឌ្ឍន៍ទេសចរណ៍ និងដាក់ឆ្លងរាជរដ្ឋាភិបាលនាពេលឆាប់ៗខាងមុខនេះ៕