អ្នកជំនាញប្រាប់ឲ្យប្រជាជនប្រយ័ត្នចំពោះព៌តមានបំពុលទាក់ទងគំរោងអចលនទ្រព្យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបានបង្ហាញជាបន្តបន្ទាប់ អ្នកជំនា​ញ​ផ្នែកអចលនទ្រព្យបានលើកឡើងថា បច្ចុប្បន្នមានការបំពុលព៌តមានជាច្រើន ពីអ្នកវិនិយោគមួយចំនួន ដើម្បីលក់គំរោងរបស់ពួកគេឆាប់ដាច់។

អ្នកវិភាគអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គម លោកង៉ែត ជូបានថ្លែងឲ្យដឹងតាមទូរ​ ស័ព្ទនារសៀលថ្ងៃទី២៨ ឧសភានេះថា នៅក្នុងវិស័យនេះមានការបំពុលព៌តមានច្រើនទាក់ទងនឹងការបង្ហាញ ឬលើកឡើងពីគំរោងអភិវឌ្ឍន៍នានា តាមរយៈអ្នកវិនិយោគមួយចំនួននៅក្នុងវិស័យនេះដើម្បី ទាក់ទាញអតិថិជន ប្រយោជន៍ដើម្បីធ្វើឲ្យពួកគេលក់គំរោងរបស់ពួកគេឆាប់ដាច់។ លោក​បន្តថា ជាក់ស្តែងយើងឃើញគំរោងព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្តាលជាឧទាហរណ៍ស្រាប់ ដែលរដ្ឋាភិបាលបានប្រកាសសាងសង់ ហើយមានអ្នកខ្លះបានប្រើប្រាស់លុយធនាគារទៅទិញ ដើម្បីលក់យកចំណេញ ប៉ុន្តែបច្ចុប្បន្នគំរោងនោះបានស្ងប់ស្ងាត់ ចលនា​នៃការទិញលក់ដីធ្លីក៏ស្ងប់ស្ងាត់នៅតំបន់នោះ ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនប្រឈមមុខនឹងហានិភ័យ។

លោកបន្តថា “ហេតុនេះមុនសម្រេចចិត្តវិនិយោគ ខ្ញុំសុំឲ្យប្រជាពលរដ្ឋប្រមូលព៌តមានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងធ្វើការសម្រេចចិត្តវិនិយោគដើម្បីកាត់បន្ថយហានិភ័យ”។លោកបន្តថា “នៅពេលយើងមិនសូវស្វែងយល់សិក្សា​រៀនសូត្រ និងតាមដានព៌តមានជាក់លាក់ នឹងធ្វើឲ្យយើងវិនិយោគរបស់យើងមាន​ហានិភ័យខ្ពស់”។

លោកង៉ែត ជូបានបន្តថា ការសិក្សារៀនសូត្រ និងប្រមូលព៌តមានបានត្រឹមត្រូវ ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងអាចកាត់បន្ថយឬបញ្ចៀស​បាននូវហានិភ័យ ជាជាងយើងវិនិយោគបែបប្រថុយប្រថាន ព្រោះការវិនិយោគពឹងលើព្រេងសំណាង មិនមែនជាជម្រើសរបស់អ្នកវិនិយោគឆ្លាតវៃនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here