អ្នកជំនាញៈការវិនិយោគដីធ្លីនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងមានឱកាសចំណេញច្រើន

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានគាំទ្រ និងជំរុញឱ្យមានការវិនិយោគ លើវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីទទួលបានឱកាសចំណេញ ខណៈគម្រោ​ងរោងចក្រ សហគ្រាស បុរី បណ្តុំលំនៅឋានបែបលក្ខណៈបុរី បាន និងកំពុងបាញ់ឆ្ពោះទៅតាមក្រវ៉ាត់ក្រុង និងជាយក្រុងភ្នំពេញ។

អគ្គនាយិការក្រុមហ៊ុន AMATAK Property Service លោកស្រីតាំង ហួរ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា វិស័យអចលនទ្រព្យនៅតាមបណ្តោផ្លូវក្រវាត់ក្រុងនៅពេលនេះ បាននិងកំពុងមានភាពរីកចំរើន តែកន្លែងខ្លះមានការរីកចំរើនលឿន ដែលធ្វើឱ្យអ្នកវិនិយោគមានផលចំណេញច្រើន ។

លោកស្រីបន្តថា “នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងក្នុងតំបន់ខ្លះ មានគម្រោងវិនិយោគច្រើន មានទាំងរោងចក្រ សហគ្រាស បណ្តុំលំនៅដ្ឋាន និងការអភិវឌ្ឍដីធ្លី  ដែលធ្វើឱ្យតម្លៃដីនៅក្នុងតំបន់នោះ កាន់តែមានភាពល្អប្រសើរ”។ លោកស្រីបន្តថា “ដូច្នេះបើចង់វិនិយោគលើវិស័យអចលនទ្រព្យ ឆាប់បានចំណេញខ្ពស់គួរវិនិយោគ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង ដែលនៅគៀកនឹងរាជធានីភ្នំពេញ ដូចជា ផ្លូវទំនប់កប់ស្រូវជាដើមដែលកំពុងមានសន្ទុះ និងភាពរីកចំរើនខ្លាំង”។

លោកស្រីបញ្ជាក់ថា បើទៅទិញដីទុកវិយោគនៅតាមតំបន់ឆ្ងាយៗ ឬតាមបណ្តាខេត្តផ្សេងៗអាចនឹងត្រូវប្រើពេលយូរ ហើយមិនប្រាកដថា ទទួលបានចំណេញខ្ពស់នោះទេ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានឱ្យដឹងដែរថា បើនិយាយផ្លូវក្រវាត់ក្រុង គឺមានលក្ខណៈធំទូលាយណាស់ មានដូចជាផ្កូវក្រវ៉ាត់ក្រុងទី១ ទី២ ទី៣ និងទី៤ជាដើម តែសម្រាប់នៅតាមផ្លូវក្រវាត់ក្រុងខ្លះ មានការរីកចម្រើនខ្លាំងរួចហើយ ដោយសារមានគម្រោងវិនិយោគធំៗ ហើយនៅតំបន់ខ្លះទៀត បាននិងកំពុងមានសន្ទុះបណ្តើរៗ។

លោកបន្តថា “សម្រាប់ផ្លូវក្រវ៉ាត់ក្រុងចាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ ៣ មិនទាន់ពុះកញ្ជ្រោលនោះទេ ព្រោះការអភិវឌ្ឍនៅមានកម្រិតនៅឡើយ តែនៅតាមផ្លូវក្រវ៉ាត់ចាប់ពីផ្លូវជាតិលេខ៦ គឺមានសន្ទុះរីកចំរើនខ្លាំង ព្រោះមានគម្រោងជាច្រើនបានរីកដុះដាលច្រើន”។ លោកបន្តថា “សម្រាប់អ្នកដែលមានដើមទុនអាចទិញដី សម្រាប់ធ្វើការវិនិយោគ ក្នុងម៉ែត្រការ៉េតម្លៃ២០០ ទៅ៣០០ដុល្លារ ឬច្រើនជាងនេះ គួរតែវិនិយោគនៅតាមជាយក្រុងដែលមានការអភិវឌ្ឍន៍”។

លោកបន្តថា បច្ចុប្បន្នមានគម្រោងលំនៅឋានជាច្រើន បាននិងកំពុងរីកចំរើននៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ដែលមានទាំងបុរី និងសំណង់បែបលំនៅឋានបែបបុរី ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យ។ នេះជាសញ្ញាល្អ ជំរុញឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់ក្រវ៉ាត់ក្រុង និងធ្វើឱ្យមានភាពរីកចំរើនលើវិស័យអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here