ទីផ្សារ និងតម្រូវការអាផាតមុិន អាចងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២១

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការព្យាករណ៍ថា ទីផ្សារនៃការជួលអាផាតមិននឹងវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញនៅក្នុងឆមាសទី២ឆ្នាំ២០២១ បន្ទាប់ពីវិបត្តិនៃជំងឺសាកលត្រូវបានទប់ស្កាត់បានជោគជ័យ ខណៈដែលបច្ចុប្បន្នទីផ្សារមួយនេះកំពុងធ្លាក់ដាំក្បាលចុះខ្លាំង។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា សម្រាប់ទីផ្សារនៃការទិញ-លក់អចលនទ្រព្យនៅពេលបច្ចុប្បន្ន ទាំងផ្នែកដីធ្លី លំនៅដ្ឋានកម្រិតមធ្យម ក៏ដូចជាផ្នែកខុនដូកម្រិតមធ្យម គឺនៅតែបន្តមានសកម្មភាពធម្មតា ហាក់មិនជួបបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែទីផ្សារដែលជួបបញ្ហាខ្លាំង គឺការជួលអាផាតមិនមានការធ្លាក់ចុះខ្លាំងនៅចុងឆ្នាំ២០២០នេះ។

លោកស្រី អាន សុធីតា បានបញ្ជាក់ថា “សម្រាប់ទីផ្សារផ្នែកដទៃក៏មានការប៉ះពាល់ខ្លះដែរ ប៉ុន្តែមិនសូវជាធ្ងន់ធ្ងរខ្លាំងដូចជាទីផ្សារអាផាតមិននោះទេ ជាពិសេសនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២០តែម្ដង”។

លោកស្រីថា “នៅចុងឆ្នាំ២០២០នេះ បើធៀបទៅនឹងទៅចុងឆ្នាំ២០១៩ ទីផ្សារនៃការជួលអាផាតមិនត្រូវបានធ្លាក់ចុះតម្រូវការប្រមាណ៨០ភាគរយ ពោលគឺឧទាហរណ៍ថានៅចុងឆ្នាំ២០១៩ មានអ្នកជួលស្នាក់នៅចំនួន១០០នាក់ បច្ចុប្បន្ននៅសល់ត្រឹមតែប្រមាណ២០នាក់តែប៉ុណ្ណោះ។ ហេតុផលដែលធ្វើឱ្យមានការធ្លាក់ចុះចំនួននៃតម្រូវការគឺបណ្តាលមកពីវិបត្តិដែលកំពុងកើត”។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់អចលនទ្រព្យអន្តរជាតិរូបនេះបញ្ជាក់ថា “ទីផ្សារមួយចំណែកធំគឺជាជនជាតិបរទេស ហើយពេលនេះពួកគេមិនអាចចេញពីប្រទេសរបស់ខ្លួននោះទេ ដែលជាមូលហេតុមួយកាត់បន្ថយនូវតម្រូវការជួល។ ម៉្យាងវិញទៀតសូម្បីតែអតិថិជនដែលមានស្រាប់នៅក្នុងស្រុកមួយចំនួនបើទោះជាស្ថិតនៅក្នុងកិច្ចសន្យាជួលមិនទាន់បញ្ចប់ ក៏មានអ្នកខ្លះចំណាយថវិកាបន្ថែមជួលផ្ទះស្នាក់នៅតំបន់ជាយក្រុង ដើម្បីកាត់បន្ថយភាពប្រឈមដូចជាការស្នាក់នៅក្នុងអគាររួម ការប្រើប្រាស់ជណ្ដើរយន្តរួមគ្នាដើម”។

ជាមួយនឹងការលើកឡើងពីផលប៉ះពាល់ខាងលើនេះ លោកស្រី អាន សុធីតា ក៏បានបង្ហាញពីការព្យាករណ៍ផងដែរថា ទីផ្សារជួលអាផាតមិននឹងវិលទៅរកភាពល្អប្រសើរវិញនៅត្រឹមឆមាសទី២ឆ្នាំ២០២១ក្រោយពិភពលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺដែលកំពុងកើតមាននៅពេលនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា នៅក្នុងកាលទេសៈដែលកំពុងប្រឈមនឹងការរាតត្បាតក្នុងសហគមន៍នាពេលនេះ សកម្មភាពនៅលើទីផ្សារអចលនទ្រព្យរួមគឺមានភាពស្ងប់ស្ងាត់បន្តិច បន្តែសម្រាប់ការផ្សព្វផ្សាយពីគម្រោង ក៏ដូចជាវិធីសាស្ត្រនៃការជំរុញទីផ្សារលក់ក្នុងស្រុកគឺនៅតែបន្តមានតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។

ទោះជាយ៉ាងណាក៏ដោយ លោក ច្រឹក សុខនីម បានសង្កត់ធ្ងន់ថា អ្វីដែលជាកត្តាចាំបាច់ត្រូវខ្វាយខ្វល់ និងត្រូវធ្វើនៅពេលនេះគឺការចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរាលដាលឆ្លងនៅក្នុងសហគមន៍។ ក្រោយពេលភាពប្រឈមមួយនេះត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ នោះវានឹងជួយជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងស្រុកចាប់ផ្តើមមានសន្ទុះឡើងវិញជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here