នៅព្រឹកថ្ងៃទី29 ខែឧសភា នេះ ផ្សារទំនើប AEON Mall 2 បានបើកដំណើរការសាកល្បងហើយ ដោយមានមនុស្សម្នាជាច្រើនពាន់នាក់នាំគ្នាទៅចូលរូមយ៉ាងគគ្រឹកគគ្រេង ដែលបង្ហាញពីការសាទរវត្តមានថ្មីនៃផ្សារទំនើបលំដាប់អន្តរជាតិនៅក្នុងទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាមួយការនឹងបើកទ្វារទទួលអតិថិជននៅថ្ងៃដំបូងនេះផងដែរ គេសង្កេតឃើញមានបណ្តាហាងលក់ទំនិញ ក្រុមហ៊ុនអេឡិចត្រូនិច ក្រុមហ៊ុនលក់រថយន្ត ក៏ដូចជាហាងលក់សម្លៀកបំពាក់ទាន់សម័យ ហាងលក់សម្ភារៈក្មេង ក៏ដូចជាហាងអាហារដ្ឋានមួយចំនួនបានបើកដំណើរការ ក្រោមការគាំទ្រពីសំណាក់អ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ខណៈដែលហាងចំនួនទៀតមិនទាន់មានសកម្មភាពនៅឡើយ។
សម្រាប់ផ្សារទំនើប AEON Mall 2 ដែលស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នេះ គ្រប់ដណ្ដប់នៅលើផ្ទៃដីសរុបទំហំប្រមាណ ១៥១,០០០ម៉ែត្រការ៉េ ខណៈដែលផ្សារទំនើប AEON Mall ទី1 មានទំហំត្រឹមតែ ៦៨,០០០ ម៉ែត្រការ៉េ តែប៉ុណ្ណោះ ។
ផ្សារទំនើប AEON Mall ទី2 នេះ មានទំហំធំដែលរួមមានតូបលក់ទំនិញប្រណិតៗចម្រុះជាច្រើនប្រភេទ ដែលមានឈ្មោះល្បី មានរោងកុនទំនើប មានកន្លែងកម្សាន្តជាច្រើន ដូចជា ទីលានបោះប៊ូលីង កន្លែងលេងហ្គេមចម្រុះ មានភោជនីយដ្ឋានបែបជប៉ុន ថៃ ចិន កូរ៉េ ទាមស្រា និងកន្លែងលក់អាហារជាច្រើនទៀត។
ក្រៅពីនេះ សម្រាប់ទីលានខាងក្រៅ មានទីចំណតយានយន្តធំទូលាយ ដែលអាចផ្ទុករថយន្តបានប្រមាណ ២,៥០០ គ្រឿង និងម៉ូតូជាង ២,០០០គ្រឿង។ ចង់ដឹងទេថា AEON Mall 2 មានភាពទាក់ទាញដល់កម្រិតណា សូមទៅទស្សនាទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប AEON Mall ទី2 នឹងបើកសម្ពោធជាផ្លូវការណ៍នៅព្រឹកថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ក្រោមអធិបតេយ្យភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕