ដោយ ៖ យិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia
ភ្នំពេញៈ ធ្មេចបើកៗ ឆ្នាំ២០២១បានរំកិលមកដល់ ជាមួយនឹងក្តីសង្ឃឹម និងស្នាមញញឹមថ្មី ហើយរីករាយជាមួយនឹងអំណរនៃពន្លឺព្រះទិនករថ្មីសំរាប់ឆ្នាំថ្មី ដែលមនុស្សម្នានៅជុំវិញពិភពលោក មានសុទិដ្ឋិនិយមជាងឆ្នាំ២០២០ដ៏កលយុគ។
ផ្តើមចេញពីដំណើរដ៏លំបាកមួយ ដើរលើផ្លូវរលាក់ ដំណើរយឺត ប៉ុន្តែយើងមិនឈប់ដើរនោះទេ ជាពិសេសយើងនៅតែបន្តផ្តល់ព័ត៌មានពិត ឥតលំអៀង លឿន រហ័ស ឈរលើក្រមសីលធម៌ វិជ្ជាជីវៈ និងគុណតម្លៃនៃក្រមសីលធម៌ជាស្នូលរបស់យើង។
ជាមួយនឹងការមិនបោះបង់ ជាមួយនឹងការហ៊ានប្រឈមមុខនឹងសម្ពាធកើនឡើងពីការប្រកួតប្រជែង យើងនៅតែរក្សាជំហ៊ានឆ្ពោះទៅមុខ ជាមួយទស្សនវិស័យវិជ្ជមាន ដើម្បីរួមចំណែកផ្តល់ព័ត៌មានពិត ប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ដែលរដ្ឋាភិបាលបាននិងកំពុងប្រយុទ្ឋប្រឆាំង។
គេហទំព័រPropertyarea.asia និងfacebook Pageឈ្មោះ Property Area Asiaបានទទួលការគាំទ្រពីមិត្តអ្នកអាន អ្នកស្តាប់ជាតិ និងអន្តរជាតិកើនឡើងជាប្រចាំ ដោយសារការរក្សាបាននូវគុណតម្លៃរបស់យើង។
យើងបានរកឃើញគុណតម្លៃមួយ ប៉ុន្តែយើងមិនដែលមោទនភាព នឹងសមិទ្ឋផលនេះទេ តែយើងបានដាក់សម្ពាធសំរាប់ខ្លួនឯងឲ្យប្រឹងប្រែងថែមទៀត ដើម្បីផ្តល់ជូនអ្នកអាន អ្នកស្តាប់នូវចំណេះដឹង និងបទវិភាគស៊ីជម្រៅ ដើម្បីផ្តល់ជូនអ្នកអាន អ្នកស្តាប់យកទៅពិចារណា ដើម្បីប្រើប្រាស់ជាមូលដ្ឋានចំណេះដឹងប្រចាំថ្ងៃ និងសំរាប់ធ្វើជាមូលដ្ឋានសំរាប់ការវិនិយោគរបស់ខ្លួន។
ជាមួយនឹងការទទួលបានការគាំទ្រពីដៃគូពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិកើនឡើងជាប្រចាំ នៅឆ្នាំ២០២១នេះ យើងនឹងមានផលិតផលថ្មី តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយវាគ្មិនជាតិ និងអន្តរជាតិ លើប្រធានបទថ្មីៗទាក់ទងនឹងបច្ចុប្បន្នភាពអចលទ្រព្យនៅកម្ពុជា ដើម្បីពង្រីកការយល់ដឹងដល់សាធារណៈជន ក៏ដូចជារួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការលើកស្ទួយបរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង។
ឆ្នាំថ្មី! ជោគជជ័យថ្មី !ស្វាគមន៍ឆ្នាំ២០២១ សង្ឃឹមយើងលែងភ័យព្រួយដូចឆ្នាំចាស់ សូមគោរពជូនពរដៃគូពាណិជ្ជកម្មទាំងអស់ មិត្តអ្នកអានជាតិ និងអន្តរជាតិជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុវត្ថិភាពក្នុងការធ្វើដំណើរ ជាពិសេសជួបប្រទះនឹងពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕