អគ្គនាយកដ្ឋានពន្ធដារដាក់ឱសានវាទនៃការបង់ពន្ធអាជីវកម្មគ្រប់ប្រភេទត្រឹមដំណាច់ខែមីនា ឆ្នាំ២០២១ជាកំហិត

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាការក្រើនរំលឹកសាជាថ្មី អគ្គនាយកដ្ឋានពន្ធដារបានធ្វើការប្រកាសដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលកំពុងដំណើរការ រួមមានអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ជាកំហិត ហើយក្នុងករណីខកខានមិនបានបង់តាមកាលកំណត់ម្ចាស់អាជីវកម្មនឹងទទួលរងការពិន័យជាប្រាក់។

លោក កែវ ប៉ង់តា អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងនៅក្នុងកម្មវិធីពន្ធដារ ស្តីពីកាតព្វកិច្ចពន្ធប៉ាតង់ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសនៅថ្ងៃ៣១ ខែធ្នូកន្លងទៅថា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសៀវភៅសកម្មភាពអាជីវកម្មកម្ពុជា និងកាតព្វកិច្ចពន្ធប៉ាតង់ ក្នុងនោះបានរៀបចំតាមលំដាប់ថ្នាក់មានចំនួន ២០ អាជីវកម្ម និងមាន ១២៦ ចង្កោមសកម្មភាពអាជីវកម្ម ស្មើនឹង ៨៨៣ សកម្មភាពអាជីវកម្ម ដោយបានកំណត់ការបង់ប្រភេទពន្ធប៉ាតង់ទៅតាមសកម្មភាពអាជីវកម្មនីមួយៗ ។

លោកបន្តថា “ពន្ធប៉ាតង់គឺជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំទៅតាមសកម្មភាពអាជីវកម្ម ដោយផ្អែកទៅតាមផលរបរ ក្នុងនោះមានអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ហើយត្រូវប្រកាសបង់ពន្ធនេះ នៅពេលស្នើសុំ ចុះបញ្ជី ឬនៅក្នុងកំឡុងពេល ៣ ខែ ដើមឆ្នាំ គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។

លោក កែវ ប៉ង់តា បញ្ជាក់ថា ករណីម្ចាស់អាជីវកម្ម ខកខានមិនបានបំពេញកាតព្វកិច្ច ទៅតាមការកំណត់ដោយច្បាប់ ឬបទប្បញ្ញត្តិស្តីពីពន្ធដារ ករណីយឺតយ៉ាវមិនបានបង់ពន្ធប៉ាតង់បានទាន់ពេលវេលា ហើយអ្នកជាប់ពន្ធបានស្នើសុំបង់ដោយស្មោះចិត្ត អ្នកជាប់ពន្ធនោះទទួលរងនូវការផាកពិន័យ ដោយត្រូវបង់ពន្ធបន្ថែម ១០ភាគរយ និងបូកការប្រាក់ក្នុង១ខែ ១,៥ ភាគរយ។

ដោយឡែក ចំណែកអ្នកជាប់ពន្ធមិនបានមកបង់ដោយស្ម័គ្រចិត្ត ឬមិនបានមកបង់តាមការប្រកាសរបស់រដ្ឋបាលសារពើរពន្ធ អ្នកជាប់ពន្ធរងនូវការផាកពិន័យ ដោយត្រូវបង់ពន្ធបន្ថែម១០ ភាគរយ និងបូកការប្រាក់ក្នុង១ខែ ១,៥ ភាគរយ និងត្រូវបង់ប្រាក់ចំនួន២លានរៀលបន្ថែម ចំពោះករណីមិនអនុវត្តតាមច្បាប់ស្តីពីពន្ធដារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here