ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ ជាមួយនឹងការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចជ្រើសរើសក្រុមហ៊ុន Power China International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍សំណើរ គំរោងសាងសង់អាកាសយានដ្ឋានថ្មី ខ្នាតតំបន់នៅខេត្តមណ្ឌលគិរី បណ្តាអ្នកវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីក្ដីសាទរ និងមានសុទិដ្ឋិនិយមចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលមួយនេះ។
អគ្គនាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KAT Appraisal លោកស្រី ចេវ សុឃុន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះថា ការសម្រេចប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាខាងលើនេះ គឺជារឿងដ៏ល្អបំផុត ដែលជាការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រចាំតំបន់ ក៏ដូចជាជួយសម្រួលដល់ការវិស័យដឹកជញ្ជូន និងទេសចរណ៍ផងដែរ។
លោកស្រីបានបន្តថា “ក្រោយពេលបញ្ចប់ការសាងសង់ និងដាក់ដំណើរការព្រលានយន្ដហោះមួយនេះ នឹងចូលរួមចំណែកក្នុងការធ្វើឱ្យល្អប្រសើរដល់វិស័យជាច្រើន ដែលក្រៅពីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផ្សេងៗ ក៏បានជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈកំណើនការវិនិយោគ និងពាណិជ្ជកម្ម រួមជាមួយនឹងការជួយបង្កើនឱ្យមានកិច្ចអភិវឌ្ឍន៍ក្នុងវិស័យសំណង់ផងដែរ”។
លោកស្រីបន្តថា នៅពេលមានភាពងាយស្រួលក្នុងការធ្វើដំណើរ មិនមែនមានតែកំណើនទេសចរនោះទេ កំណើននៃការវិនិយោគផ្សេងៗ ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យក៏នឹងកើតមាន។ នៅពេលមានកំណើនទេសចរ តែងជំរុញឱ្យមានតម្រូវការកន្លែងស្នាក់នៅ កន្លែងផ្តល់សេវាអាហារដ្ឋាន និងសេវាទេសចរណ៍ផ្សេងៗទៀត ហើយទាំងអស់នេះ សុទ្ធតែជាចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច។ អ្វីដែលសំខាន់វត្តមាននៃព្រលានយន្តហោះមួយនេះ អាចនឹងក្លាយតំបន់អភិវឌ្ឍមុំ៣របស់កម្ពុជា វៀតណាម និងឡាវ ខណៈដែលរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងបង្កើតទីក្រុងរណបនៅក្នុងស្រុកអូររាំងផងដែរនោះ។
លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ថា គ្រប់ផែនការ និងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឱ្យអនុវត្តរហូតមកដល់ពេលនេះដូចជា មិនទាន់មានគម្រោងណាមួយដែលធ្វើមិនបាននោះទេ ផ្ទុយទៅវិញគឺមានតែការអនុវត្តលឿន និងបញ្ចប់មុនផែនការ។
លោកឧកញ៉ាបានបន្តថា“ក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោហ៊ុន សែន គឺតែងទទួលបាននូវភាពជោគជ័យ ជាមួយលទ្ធផលផ្លែផ្កាគួរជាទីមោទន ស្ទើរគ្រប់ផ្នែក ដែលក្នុងនោះមិនថាការបង្កើតក្រវាត់ក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស ក៏ដូចជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ”។
លោកឧកញ៉ាបញ្ជាក់ថា “ការសម្រេចសាងសង់ព្រលានយន្តហោះ ថ្នាក់តំបន់នៃខេត្តមណ្ឌលគីរី គឺស្របទៅនឹងសក្ដានុពលរបស់ខេត្តដែលមានស្រាប់ បន្ថែមពីលើផែនការអភិវឌ្ឍន៍ និងវិនិយោគក្រោមការចូលរួមពីវិស័យឯកជន”។ លោកបន្តថា “ជាក់ស្ដែង នៅត្រឹមដំណាក់កាលនាពេលនេះ យើងឃើញមានវិស័យឯកជន បានបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ធាប់ទៅលើការវិនិយោគ ក្នុងវិស័យទេសចរណ៍ដូចជាការបង្កើតតំបន់កម្សាន្ត ការបង្កើតជាបឹងហ្គាឡូជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរ ដែលកើនឡើងយ៉ាងគំហុកនៅក្នុងខេត្តមួយនេះ”។
ទាំងអស់នេះក៏ជាផ្នែកមួយ ស្ថិតនៅក្នុងផែនការមេរបស់ក្រសួងទេសចរណ៍ រួចជាស្រេច ហើយក៏ជាគោលបំណងរបស់រាជរដ្ឋាភិបាលដែរ។
លោកឧកញ៉ាបន្តថា “ក្រោយពេលគម្រោងសាងសង់ត្រូវបានបញ្ចប់ និងដាក់ឱ្យដំណើរការ វានឹងជួយប្រែក្លាយខេត្តមណ្ឌលគីរីឱ្យទៅជាខេត្តមួយ ដែលមានការអភិវឌ្ឍ រីកចម្រើន ទាំងវិស័យដឹកជញ្ជូន វិនិយោគ និងពាណិជ្ជកម្ម ជាពិសេសជួយជំរុញកំណើនទេសចរកាន់តែច្រើនបន្ថែមទៀតជាក់ជាមិនខាន”។
រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍សំណើរគំរោងសាងសង់អាកាសយាន ដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ធ Framework Agreement ជាមួយក្រុមហ៊ុន Powerchina International Group តាមនិតិវិធីជាធរមានដូចបានអនុវត្តន៍កន្លងមក សម្រាប់គំរោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគំរោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ៕