គេហទំព័របររទេសមួយបានធៀបសក្តានុពលអចលនទ្រព្យនៅភ្នំពេញ ដូចទី ក្រុងបាងកកកាលពី៣០ឆ្នាំមុន

0

ដោយវឌ្ឈនៈ

ភ្នំពេញៈ គេហទំព័របរទេសមួយបានប្រៀបធៀបទីក្រុងភ្នំពេញ ដូចទីក្រុងបាងកកកាលពី៣០ឆ្នាំមុន មានន័យថាកម្ពុជាដើរក្រោយគេ ប៉ុន្តែប្រទេសនេះបានរីកចម្រើនយ៉ាងលឿនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

គេហទំព័រ investasian.com បានផ្សព្វផ្សាយកាលពីម្សិលមិញនេះថា  ទីក្រុងភ្នំពេ​ញបាននិងកំពុងរីកចំរើនយ៉ាងខ្លាំង ដែលធ្វើឱ្យមានការទាក់ទាញវិនិយោគិនអន្តរជាតិ មកបណ្តាក់ទុនវិនិយោគ ខណៈមនុស្សមួយចំនួនប្រៀបធៀបថា ទីក្រុងមួយនេះដូចទៅនឹងទីក្រុងបាងកកកាលពី៣០ឆ្នាំមុន ដែលជាទីក្រុងនេះ បានទាក់ទាញវិនិយោគិនបរទេសជាច្រើន។

ទីក្រុងភ្នំពេញនេះក៏បានទាក់ទាញភ្ញៀវបរទេស ជាមួយនឹងទីផ្សារតាមដងផ្លូវដ៏រស់រវើក មានស្ថាបត្យកម្មបារាំងដ៏អស្ចារ្យ និងមានអគារប្រវត្តិសាស្រ្តជាច្រើនផងដែរ។ ដោយ​សារកត្តាទាំងអស់នេះហើយ បានធ្វើឱ្យទាក់ទាញវិនិយោគិន ឱ្យមកទទួលយកនូវបទពិសោធន៍ថ្មីៗ និងបានចាប់ផ្តើមសម្រុកមកវិនិយោគ នៅក្នុងទីក្រុងភ្នំពេញដើម្បីទទួលបានផលចំណេញខ្ពស់។

គេហទំព័រដដែលនេះបានបន្តថា ជនបរទេសភាគច្រើន បានសម្រុកទិញខុនដូ និងលំនៅឋានអាជីវកម្មច្រើននៅក្នុងទីក្រុងភ្នំពេញ សម្រាប់រស់នៅនិងធ្វើអាជីវកម្ម ខណៈកម្ពុជាគឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន មានការទាក់ទាញការវិនិយោគ លើវិស័យអចលនទ្រព្យច្រើន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

គេហទំព័រនេះបានបញ្ជាក់ថា  ជនបរទេសភាគច្រើន បានទិញអចលនទ្រព្យចំនួន២ប្រភេទ គឺអាផាតម៉ិនបែបលំនៅឋានអាជីវកម្ម និងខុនដូ។ ការទិញអាផាតម៉ិនបែបលំនៅឋានអាជីវកម្មជាទូទៅ គឺអាចជួសជុលជួល ធ្វើអាជីវកម្ម និងលក់បន្ត ដើម្បីទទួលបានផលចំណេញ។

ម៉្យាងវិញទៀត ការទិញខុនដូ គឺមិនមានផលចំណេញច្រើនទេ ប៉ុន្តែងាយស្រួលក្នុងការកាន់កាប់ និងថែរក្សា។

តែយ៉ាងណាក៏ដោយជនបរទេស ដែលមានបំណងទិញអចលនទ្រព្យ នៅក្នុងទីក្រុងភ្នំពេញ តែងតែមានជម្រើសលើការទិញខុនដូ និងអាផាតមិនបែបអាជីវកម្ម។សម្រា​ប់ការទិញខុនដូនៅក្នុងទីក្រុងភ្នំពេញ អាចមានតម្លៃថ្លៃបន្តិច ហើយនៅតំបន់ខ្លះក៏មានការរិតត្បិតផងដែរ។ មិនតែប៉ុណ្ណោះ ការទិញខុនដូ មិនទទួលបានផលចំណេញច្រើននោះទេ បើធៀបទៅនឹងការទិញអាផាតម៉ិនបែបអាជីវកម្ម។

ទោះយ៉ាងណា យោងតាច្បាប់សហកម្មសិទ្ធិ ជនបរទេសរស់នៅប្រទេសកម្ពុជា ការទិញអាផាតម៉ិនបែបអាជីវកម្ម គឺមានការលំបាកជាងបើប្រៀបធៀប ទៅនឹងការទិញខុនដូ។ ជនបរទេសអាចកាន់កាប់ខុនដូទាំងស្រុង ប៉ុន្តែដើម្បីកាន់កាប់អចលនទ្រព្យផ្សេងទៀតបាន ពួកគេត្រូវតែមានក្រុមហ៊ុនកាន់កាប់ដីធ្លី។

ជារួមការទិញលំនៅឋានបែបអាជីវកម្ម នៅក្នុងទីក្រុងភ្នំពេញ របស់ជនបរទេសទាមទាពេលវេលាយូ ព្យាយាមអត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការទិញ និងជួសជុល។ សម្រាប់ការទិញខុនដូវិញ អាចផ្តល់ប្រាក់ចំណេញទាបជាង ប៉ុន្តែវាងាយស្រួលក្នុងការទិញ និងកាន់កាប់ក្នុងនាមជាជនបរទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here