[youtube https://www.youtube.com/watch?v=xbdq54V2Zzs]
ដោយស៊ីវ ម៉េង
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានសម្រេចចំណាយថវិកាជាតិ ចំនួនជាង១០០លានដុល្លារកសាងផ្លូវសំខាន់ៗចំនួន ១១ខ្សែ នៅក្នុងក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើរ និងលើកកំពស់សោភ័ណភាពខេត្ត។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃម្សិលម៉ិញនេះថា ផ្លូវចំនួន ១១ខ្សែនេះមិនរាប់បញ្ចួលលើហេដ្ឋារចនាសម្ព័ន្ឋ ៣៤ខ្សែ ដែលចំណាយថវិកាសាងសង់អស់ជិត ៣០០លានដុល្លារកន្លងមកនោះទេ។ លោកបន្តថា ការស្ថាបនាផ្លូវចាស់ ដែលត្រូវសាងសង់ និងពង្រីកថ្មីនេះ បាននិងកំពុងបន្តយ៉ាងសកម្ម ដែលវានឹងក្លាយជាគមនាគមន៍តភ្ជាប់មកកាន់ក្រុងព្រះសីហនុឲ្យកាន់តែនមានភាពងាយស្រួលបន្ថែមទៀត។
លោកបន្តថា “ការស្ថាបនាផ្លូវថ្មី១១ខ្សែនេះ ជាតម្រូវការចាំបាច់ ក្រោមការទម្លាក់ថវិកាជាង១០០លានដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចុះត្រួតពិនិត្យ នឹងដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងលោកគួច ចំរើនអភិបាលខេត្តព្រះសីហនុដោយផ្ទាល់ ” ។
ទាក់ទងផ្លូវចំនួន ៣៤ខ្សែដែលបានជិតបញ្ចប់ការស្ថាបនានេះ លោកឃាង ភារម្យបានមានប្រសាសន៍ថា បច្ចុប្បន្នការស្ថាននាផ្លូវនេះ សម្រេចបាន១០០ភាគរយលើការចាក់បេតុង និងកំពុងចាក់កៅស៊ូ ដែលគ្រោងនឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
លោកបន្តថា “បច្ចុប្បន្នភ្លើងបំភ្លឺផ្លូវ ការរៀបចំសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀតបានបញ្ចប់ហើយ នៅសល់តែការបំពាក់កាមេរ៉ាសុវត្ថិភាពប៉ុណ្ណោះ” ។ លោកបន្តថា “នៅពេលជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង និងវ៉ាក់សាំងចែកចាយយ៉ាងមានប្រសិទ្ឋភាព ក្រុងព្រះសីហនុ នឹងមានការរីកចម្រើនបន្ថែមទៀត” ។
លោកឃាង ភារម្យ បានបន្តថា អ្នកវិនិយោគចិន ដែលបានចាក់បញ្ចូលលុយរាប់់លានដុល្លារសាងសង់អាគារពាណិជ្ជកម្ម កាស៊ីណូ ខុនដូ ជាដើម ពួកគេនឹងត្រលប់មកវិញ។ ពួកគេនឹងមិនចោលគំរោងរបស់ពួកគេនោះទេ ប៉ុន្តែបញ្ហាចំណោទនៅត្រង់ថា ការរីករាយលដាលជំងឺកូវីដ១៩ បានធ្វើឲ្យការធ្វើដំណើរត្រូវរឹត្បឹត ហើយអ្នកធ្វើដំណើរទៅមកត្រូវតែឆ្លងកាត់ការធ្វើចត្តាឡីស័ក្ត ដោយមិនអាចខកខានបានឡើយ៕