ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ដែលកំពុងវាយឡុកយ៉ាងខ្លាំងក្លាដោយវិបត្តិសេដ្ឋកិច្ចជាសាកល ទីផ្សារដីឡូត៏ក៏ទទួលនូវផលប៉ះពាល់មិនខុសពីទីផ្សារអចលនវត្ថុដទៃទៀតឡើយ ប៉ុន្តែសម្រាប់ដើមឆ្នាំ២០២១នេះ ប្រតិបត្តិករផ្នែកដីឡូត៍បានបង្ហាញពីក្ដីរំពឹងថាទីផ្សារមួយនេះអាចនឹងងើបឡើងវិញខណៈដែលភាពប្រឈមនៅក្នុងប្រទេសត្រូវបានកាត់បន្ថយ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Lucky Realty Co,.Ltd លោកឌិត ចណ្ណា បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះថា នៅក្នុងឆ្នាំ ២០២០គឺជាឆ្នាំមួយដែលវិស័យអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីនៅតំបន់ខ្លះមានការប៉ះពាល់ព្រោះតែវិបត្តិ។ ដោយឡែកសម្រាប់ទីផ្សារដីឡូត៍ក៏មានសកម្មភាពថមថយដែរ ព្រោះប្រជាជនមួយចំនួនបានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ធ្វើឱ្យការទិញដីឡូត៍មានការធ្លាក់ចុះ ជាពិសេសនៅតំបន់ដែលមានសក្ដានុពល។
លោកបន្តថា “មិនថាតែដីឡូត៍នោះទេ ដែលមានសកម្មភាពថយចុះ ផ្នែកផ្សេងទៀតនៃវិស័យអចលនទ្រព្យក៏មានបញ្ហាដែរ ដូចជាសកម្មភាពវិនិយោគ គម្រោងសាងសង់ និងការទិញលក់ផ្សេងៗជាដើម”។ លោបានបញញជាក់ថា “ដោយឡែកនៅឆ្នាំ២០២១នេះ ដោយសារតែវ៉ាក់សាំងប្រឆាំងកូវីដ១៩ កាន់តែមានពន្លឺ ជាពិសេសភាពភ័យខ្លាចរបស់ប្រជាជនកម្ពុជាត្រូវបានកាត់បន្ថយ មនុស្សជាច្រើនចាប់ផ្តើមចេញដើរ និងធ្វើអាជីវកម្មឡើងវិញ ដូច្នេះយើងសង្ឃឹមថាទីផ្សារមួយនេះ អាចនឹងមានការងើបឡើងវិញនៅពេលឆាប់ៗ”។
ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពត លោកសុខ គែន ក៏បានឱ្យដឹងដែរថា នៅក្នុងវិបត្តិឆ្នាំ២០២០ ការទិញលក់ដីធ្លីទូទៅ មិនថាចំពោះដីឡូត៍ ឬដីសម្រាប់អភិវឌ្ឍគម្រោងធំៗនោះទេ គឺមានការធ្លាក់ចុះ ប៉ុន្តែសកម្មភាពនៃការសាងសង់ និងអភិវឌ្ឍន៍គម្រោងសំណង់មួយចំនួន ជាពិសេសការសាងសង់ជាលំនៅដ្ឋានបែបលំហែរ និងការកែច្នៃជាតំបន់កម្សាន្តជាដើម។
លោកបន្តថា “ភ្ញៀវភាគច្រើនមកពីភ្នំពេញ មករកទិញដីនៅខេត្តកំពត ហើយគោលដៅរបស់ពួកគេគឺរកដីភូមិ ដីជាប់មាត់ព្រែក និងដីដែលមានសក្ដានុពលសម្រាប់សាងសង់លំនៅដ្ឋានលំហែកាយ តែសម្រាប់ដីពុះឡូត៍ ដែលមានក្រុមហ៊ុនជាច្រើនមកវិនិយោគនោះ មិនសូវមានសកម្មភាពប៉ុន្មាននោះទេ”។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា គ្រប់គម្រោងនៃការអភិវឌ្ឍពុះដីឡូត៍នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាបានផ្ដល់ចូលរួមផ្តល់ផលប្រយោជន៍សង្គមជាតិ និងសេដ្ឋកិច្ច ជាពិសេសផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញដីបង់ផ្ដាច់ ជាមួយនឹងលក្ខខណ្ឌនៃការបង់ជាដំណាក់កាលប្រចាំខែ។ សកម្មភាពនេះដែរ ក៏បានផ្ដល់ចំណូលមួយចំនួនរដ្ឋផងដែរ តាមរយៈការបង់ពន្ធប្រថាប់ត្រាទៅកាន់អគ្គនាយកដ្ឋានពន្ធដារផងដែរ៕