ដោយៈវឌ្ឍនា
ភ្នំពេញៈ ពលរដ្ឋ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងរងចាំការបើកករដ្ឋានសាងសង់ស្ពានឆ្លងកាន់ទន្លេតភ្ជាប់ពីកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ បន្ទាប់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចជោ ហ៊ុន សែន បានប្រកាសពីគម្រោងសាងសង់ស្ពានដ៏វែងជាគេនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា មិនទាន់អាចដំណើករសាងសង់ឆាប់ៗនេះបាននោះទេ។
លោកស្រ៊ន សំឬទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងកាលពីម្សិលមិញថា រដ្ឋបាលខេត្តកំពុងតែរងចាំដំណឹងល្អ ពីការចាប់ផ្តើមសាងសង់ស្ពាននេះ ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប៉ុន្តែប្រហែលមកពីបញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្អាក់បណ្តោះអាសន្ន។
លោកបន្តថា លោកបានឃើញក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះមកសិក្សាជាបន្តបន្ទាប់ ប៉ុន្តែក្រុមការងារមិនទាន់បង្ហាញ ពីពេលវេលាជាក់នៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយលោក ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋមានក្តីរំពឹងថា គម្រោងនេះនឺងចាប់ផ្តើមឆាប់ខាងមុខនេះ ព្រោះពលរដ្ឋកំពុងតែរងចាំ។
លោកថ្លែងថា “ព្រោះនៅពេលមានស្ពាននេះ វានឹងជួយកាត់បន្ថយការការធ្វើដំនើរ និងលឿនជាងមុនេះ ជាពិសេសកាត់បន្ថយការការដឹកជញ្ជូនងផងដែរ” ។ លោកបន្តថា “ខេត្តកំពង់ឆ្នាំ មានសក្តានុពលខ្ពស់លើវិស័យកសិកម្ម នៅតាមដងទន្លេ និងជាខេត្តឆ្លងកាត់ពីភ្នំពេញទៅបាត់ដំង ពោធិសាត់ បន្ទាយមានជ័យ និប៉ោយប៉ែតជាដើម ហើយនៅពេលដែលស្ពានត្រូវបានសាងសង់ឡើង ប្រជាពលរដ្ឋមកពីសៀមរាប នឹងកាត់បន្ថយការធ្វើដំណើរ ។
លោកបន្តថា ស្ពាននេះនឹងជួយសម្រួល តាមរយៈការកាត់បន្ថយការចំណាយពីមួយម៉ោងទៅ២ម៉ោង បើពលរដ្ឋមកពីសៀមរាប ដែលបច្ចប្បន្ននេះ ពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់ភ្នំពេញវាងឆ្ងាយ ហើយខាតពេលទៀត។
លោកគង់ វិមាន នាយកខុទ្ទកាល័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យប្រាប់ឱ្យដឹងថា ចំពោះដំណើរការបើករដ្ឋាន សាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពីខេត្តកំពង់ឆ្នាំ ទៅកាន់ខេត្តកំពង់ធំនេះ មិនទាន់អាចចាប់ផ្តើមឆាប់ៗ ព្រោះការទំលាក់កញ្ចប់ថវិកានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបន្តថា “លោកក៏មិនទាន់ដឹងពីពេលវេលាជាក់លាក់ ក្នុងការបើករដ្ឋានសាងសង់ដែរ អាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកទំលាក់កញ្ចប់ថវិកាឱ្យក្រសួងដើម្បីដំណើរការ” ។
ទោះជាយ៉ាងណា លោក វ៉ាស៊ីម សូរីយ៉ា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានឱ្យដឹងថា គម្រោងសាងសង់ស្ពានតភ្ជាប់ពីកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ អាចនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២៣ តែបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងអនុវត្តន៍គម្រោងអាទិភាពរបស់ខ្លួនមួយចំនួន។
លោកបញ្ជាក់ថា “រដ្ឋាភិបាលនៅតែសាងសង់គម្រោងស្ពាននេះ មិនបោះបង់ចោលទេ តែបច្ចុប្បន្ននេះ រដ្ឋាភិបាលបង្វែរកញ្ចប់ថវិកាអនុវត្តន៍ លើគម្រោងអាទិភាពមួយចំនួនដូចជាផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៧០C និង ផ្លូវជាតិ៤១ ជាដើម មុននឹងចាប់ផ្តើមអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនេះ” ។
លោកបន្តថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ពីកំពង់ឆ្នាំទៅកាន់ខេត្តកំពង់ធំនេះ អាចនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៣ខាងមុខនេះ។ រដ្ឋាភិបាលអនុវត្តន៍ទៅតាមដំណាក់កាល ឬកញ្ចប់អាទិភាពរបស់ខ្លួន គឺមិនអាចអនុវត្តបានគម្រោងទាំងអស់នៅក្នុងពេលតែមួយបាននោះទេ ព្រោះត្រូវចំណាយថវិកាច្រើន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យដឹងកន្លងលមកនេះថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេវែងជាងគេ ត្រូវបានដាក់ចូលទៅក្នុងផែនការអាទិភាព និងជាជំរើសទី១របស់ក្រសួង សម្រាប់សាងសង់នៅក្នុងឆ្នាំ២០២០នេះ តែយ៉ាងណាវាអាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកដាក់ជាគម្រោងអាទិភាព ឬយ៉ាងណាងសម្រាប់សាងសង់នាពេលខាងមុខ។
លោកបន្តថា គម្រោងសាងសង់ស្ពានឆ្លងកាន់ទន្លេនេះ មានប្រវែងប្រមាណ៤គីឡូម៉ែត្រឆ្លងពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំនេះគ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក ត្រូវបានសិក្សាចប់សព្វគ្រប់ព្រមទាំងក្រសួងបរិស្ថាន បានចេញលិខិតបញ្ជាក់ដោយគ្មានប៉ះពាល់អ្វីទាំងអស់ ក្នុងការសាងសង់ស្ពាននេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេលើកទី៥ កាលពីថ្ងៃទី ១៦មីនា ឆ្នាំ២០១៩ កន្លងមកនេះ បានមានប្រសាសន៍ជំរុញ ឱ្យមានការសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំនេះឱ្យបានលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបន្តថា ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំនេះមានប្រវែងរហូតដល់ទៅ ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដោយស្ពាននេះនឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវ” ។
សម្តេចបន្តទៀតថា គម្រោងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជា កាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ៕