អ្នកឧកញ៉ា លី ហួរ ៖ ទីផ្សារលំនៅឋាននឹងមានភាពល្អប្រសើរនៅឆ្នាំ២០២១នេះ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោយបញ្ចប់ការគំរាមកំហែងពីភាពប្រឈមនឹងព្រឹត្តិការណ៍២៨វិច្ឆិកាកាលពីពេលកន្លងទៅនោះ សម្រាប់ឆ្នាំ២០២១នេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីក្ដីរំពឹងនៃភាពវិជ្ជមានសាជាថ្មី ដែលអាចនឹងមានភាពល្អប្រសើរឡើងវិញនៅត្រឹមឆមាសទី២ក្នុងឆ្នាំនេះ។

 

អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យដ៏ល្បីឈ្មោះ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានមានប្រសាសន៍ប្រាប់គេហទំព័រ www.propertyarea.asia នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះថា ស្ថានភាពទីផ្សារអចលនទ្រព្យអាចមានភាពល្អប្រសើរឡើងវិញនៅពេលណា គឺអាស្រ័យលើប្រសិទ្ធភាពនៃការទប់ស្កាត់នៃជំងឺកូវីដក្រោយការទទួលបានប្រើប្រាស់វ៉ាក់សាំង រួមជាមួយនឹងភាពល្អប្រសើរនៃស្ថានភាពសេដ្ឋកិច្ច។

អ្នកឧកញ៉ាបានបន្តថា “ប្រសិនបើការចាក់វ៉ាក់សាំងមានប្រសិទ្ធភាពល្អ អាចការពារបាន ហើយឆាប់វិវត្តទៅរកសេដ្ឋកិច្ចពិភពលោកមានលំនឹងឡើងវិញ ខ្ញុំគិតថាវិស័យអចលនទ្រព្យកម្ពុជានៅត្រឹម៦ខែចុងក្រោយនៃឆ្នាំ២០២១អាចនឹងកើនឡើងវិញខ្លាំង”។

អ្នកឧកញ៉ាលី ហួរ បានបញ្ជាក់ទៀតថា “បច្ចុប្បន្នជាកត្តារួមសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនិមួយៗមានការកើនឡើង ឬធ្លាក់ចុះវាផ្អែកទៅនឹងកត្តាសេដ្ឋកិច្ចសាកលដែរ។ ប្រសិនបើបណ្តាប្រទេសនៅលើពិភពលោកមានបញ្ហា យើងក៏មានបញ្ហាដូចគ្នា ដូច្នេះប្រសិនបើពិភពលោកអាចការពារបានល្អ សេដ្ឋកិច្ចក៏ចាប់ដំណើរការឡើងវិញដែរ។ ដោយឡែកសម្រាប់កម្ពុជា យើងមានសក្តានុពលល្អ យើងមានធនធានធម្មជាតិក៏ច្រើន ចឹងខ្ញុំគិតថាក្នុងរយៈពេល៦ខែចុងក្រោយនឹងចាប់ដំណើរការឡើងវិញជាក់ជាមិនខាន”។

ពាក់ព័ន្ធទៅនឹងទីផ្សារលំនៅឋាននៅកម្ពុជា នៅដើមឆ្នាំ២០២០គឺមានការធ្លាក់ចុះក្នុងកម្រិតមួយតិចតួច ហើយបន្តធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅចុងឆ្នាំ២០២០។ ប៉ុន្តែសម្រាប់ផ្នែកមួយនេះដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុកនៅមានបន្តមានច្រើន ដូច្នេះនៅឆ្នាំ២០២១នេះទីផ្សារលំនៅឋាននៅតែជាឆ្អឹងខ្នងសម្រាប់នៃវិស័យអចលនទ្រព្យ ដែលអាចជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជាបាន។

លោកឧកញ៉ាបានបញ្ជាក់ថា “នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានជួយជ្រោមជ្រែងយ៉ាងច្រើន ដូចជាការពន្យាពេលយកពន្ធលើប្រាក់មូលធន ការលើកលែងពន្ធប្រថាប់ត្រាលើអចលទ្រព្យតម្លៃក្រោម៧ម៉ឺនដុល្លារ ក៏ដូចជាការលើកលែងពន្ធអាជីវកម្មនៅក្នុងវិស័យមួយចំនួនទៀត ដែលទាំងអស់នេះជាការបញ្ជាក់ឱ្យឃើញពីការគាំទ្រដល់លំនឹងសេដ្ឋកិច្ចនៅក្នុងស្រុក ក៏ដូចជាប្រទេសជាតិកម្ពុជាយើងផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here