ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បើទោះជាកម្ពុជាបានទទួលរងនូវសំពាធពីវិបត្តិនៃជំងឺសាកលក៏ដោយ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិដ៏ល្បីឈ្មោះមកពីសហរដ្ឋអាមេរិកនៅតែសម្លឹងឃើញពីឱកាសដ៏ល្អសម្រាប់ការវិនិយោគនៅកម្ពុជា ដែលអាចទទួលបានផលប្រយោជន៍ច្រើនជាងបណ្តាប្រទេសមួយចំនួនដែលស្ថិតនៅក្នុងតំបន់។
អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ថា ទោះជាស្ថិតនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជានៅតែបន្តផ្តល់ឱកាសចំណេញសម្រាប់ការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍច្រើនជាងទីផ្សារអចលនទ្រព្យដែលស្ថិតនៅតាមបណ្តាប្រទេសជិតខាងដែលស្ថិតនៅក្នុងតំបន់។
លោកស្រីបន្តថា “ក្រុមហ៊ុន Century21 Cambodia បានតាំងជំហរនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៧ឆ្នាំមកហើយ បន្ទាប់ពីបានបង្កើតឡើងដោយជោគជ័យកាលពី៥0ឆ្នាំមុននៅក្នុងសហរដ្ឋអាមេរិក និងបានពង្រីកវិសាលភាពរហូតដល់៨៤ប្រទេស ហើយកម្ពុជាគឺជាប្រទេសសមាជិកទី៧៥”។
លោកស្រីបន្តថា “ជាបទពិសោធន៍នៅក្នុងវិស័យអចលនទ្រព្យក្នុងភាពជាក្រុមហ៊ុនជំនាញបានមើលឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជាមិនថាពេលនេះ ឬបន្តទៅមុខក្នុងរយៈពេល៧-១០ឆ្នាំ កម្ពុជានៅតែផ្តល់ឱកាសចំណេញក្នុងការវិនិយោគនៅលើទីផ្សារអចលនទ្រព្យដែលកំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើន”។
កាលពីអំឡុងឆ្នាំ២០១៣ វិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសគម្រោងអភិវឌ្ឍសំណង់អគារធំៗដែលមានតម្លៃរាបសិបលានដុល្លារគឺនៅមានកម្រិតនៅឡើយ ប៉ុន្តែចាប់តាំងពីអំឡុងឆ្នាំ២០១៨-២០១៩ សន្ទុះនៃការវិនិយោគ និងអភិវឌ្ឍន៍ទៅលើគម្រោងធំៗមានការកើនឡើងយ៉ាងខ្លាំង និងគួរឱ្យកត់សម្គាល់។ ជាមួយនឹងសន្ទុះនៃភាពរីកចម្រើនទាំងនេះ គ្រួសាររបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia បានពង្រីកខ្លួនពី១ការិយាល័យ រហូតដល់៨៦ ដោយមានភ្នាក់ងារពី២០០ រហូតដល់៧០០ភ្នាក់ងារពេញសិទ្ធិនៅទូទាំងប្រទេសកម្ពុជា ហើយនឹងបន្តពង្រីក និងបង្កើនឱ្យដល់៣៨០០នាក់ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព និងផលចំណេញជូនដល់អតិថិជនរបស់ខ្លួន។
លោកស្រី Grace Rachny Fong បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា សម្រាប់ឱកាសចំណេញពីការវិនិយោគគឺនៅតែមានឱកាសច្រើនចាប់ពីថ្ងៃនេះទៅថ្ងៃអនាគត។ ជាក់ស្ដែងដូចជាតម្លៃដីនៅតំបន់ទួលគោកដែលស្ថិតនៅក្នុងចន្លោះ៣២០០-៣៥០០ដុល្លារក្នុងមួយការ៉េខណៈដែលកាលពីអំឡុងឆ្នាំ២០១៦-២០១៧ មានតម្លៃត្រឹម២០០០ដុល្លារតែប៉ុណ្ណោះ ហើយនៅក្នុងរយៈពេលប្រមាណជា៥ឆ្នាំខាងមុខវានឹងអាចវិវឌ្ឍឈានទៅរកតម្លៃប្រហាក់ប្រហែលនឹងដីនៅតំបន់បឹងកេង១នាពេលបច្ចុប្បន្ន ដែលស្ថិតក្នុងចន្លោះពី៦៥០០-៧០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដូច្នេះសម្រាប់អ្នកដែលវិនិយោគនៅពេលបច្ចុប្បន្ន និងរំពឹងសម្រាប់ថ្ងៃអនាគតនៅតែមានឱកាសទទួលបានចំណេញខ្ពស់នៅឡើយ៕
Hhh