ថ្នាក់បរិញ្ញាបត្ររងលើមុខវិជ្ជាអចលនទ្រព្យជាលើកដំបូងនៅកម្ពុជានឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២១នេះ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ កម្ពុជានឹងមានវគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្ររង លើមុខវិជ្ជាអចលនទ្រព្យជាលើកដំបូង ដើម្បីឱ្យមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនៅឆ្នាំ២០២១នេះ។ នេះបើយោងតាមការលើកឡើងរបស់លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។

លោកច្រឹក សុខនីមបានថ្លែងកាលពីថ្មីៗនេះ “វគ្គបរិញ្ញាបត្ររង មុខវិជ្ជាអចលនទ្រព្យ នឹងចាប់អនុវត្ដនៅឆ្នាំ២០២១នេះ ដើម្បីបម្រើជូននូវសេវាកម្ម ឱ្យអ្នកដែលមានជំនាញ នៅក្នុងវិស័យអចលនទ្រព្យ កាន់តែច្រើនទៅៗ ដើម្បីមានការប្រកួតប្រជែង”។

លោកបានឱ្យដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជា រយៈពេលជាង២០ឆ្នាំនេះ ធ្វើតាមតំណ “ចេះតាមត តំណតាមថា” មិនទាន់កម្រិតស្ដង់ដារមួយ ដែលទទួលស្គាល់ ជាលក្ខណៈជាតិ នៅឡើយនោះទេ។

លោក ច្រឹក សុខនីមបានបន្តទៀតថា កម្ពុជាមិនទាន់មានសាលារៀន អចលនទ្រព្យនៅឡើយទេ បើធៀបនឹងបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន ហើយពេលនេះ គឺជាចំណុចចាប់ផ្ដើម ទោះបីជាជួបបញ្ហាខ្លះក៏ដោយ ចាំកែតម្រូវនៅពេលក្រោយទៀត។

ជាមួយគ្នានេះលោកបានបញ្ជាក់ថា វិស័យអចលនទ្រព្យ បើយើងមិនមានការអប់រំ ជំនាញច្បាស់លាស់នោះទេ វាអាចប្រឈមហានិភ័យច្រើន ទាំងអ្នកលក់ និងអ្នកទិញ ដូច្នេះយើងគួរតែមានកម្រិតការអប់រំ ប្រកបដោយវិជ្ជាជីវៈ។

លោកច្រឹក សុខនីមបានឲ្យដឹងទៀតថា នៅពេលដែលមានការអប់រំ លើជំនាញអចលនទ្រព្យនេះច្បាស់លាស់ យើងនឹងទទួលបាន អ្នកដែលរកស៊ីលើវិស័យនេះ ប្រកបដោយក្របសីលធម៌វិជ្ជាជីវៈ និងមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ដូច្នេះ រដ្ឋក៏មាន រាស្ដ្រក៏មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here