តំបន់ភាគខាងលិចក្រុងកំពុងក្លាយជាគោលដៅបន្ទាប់របស់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យម

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីភាគខាងជើង និងខាងត្បូងរាជធានីភ្នំពេញ ដែលត្រូវបានចាក់បញ្ចូលនូវគម្រោងវិនិយោគ និងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានយ៉ាងស្អាកស្កះ បច្ចុប្បន្ននេះ បណ្តាអ្នកអភិវឌ្ឍន៍មួយចំនួនចាប់ផ្តើមសម្លឹងទៅកាន់តំបន់ភាគខាងលិចក្រុងវិញម្ដងរួមជាមួយនឹងការដាក់គោលដៅទីផ្សាររបស់ខ្លួនផងដែរ។

ភាគខាងលិចក្រុងភ្នំពេញ រួមមានចាប់ពីតំបន់ភ្នំបាសិតស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ តំបន់មួយចំនួនស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងតំបន់មួយចំនួនទៀតស្ថិតនៅក្នុងស្រុលពញាឮ ខេត្តកណ្តាល។
អគ្គនាយកក្រុមហ៊ុន Premium Group លោកម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះថា នៅពេលនេះសម្រាប់សកម្មភាពអភិវឌ្ឍន៍ និងសាងសង់សំណង់លំនៅដ្ឋានកម្រិតមធ្យមនៅភាគខាងជើង និងភាគខាងត្បូងរាជធានីភ្នំពេញ នៅតែមានហើយនឹងបន្តក្នុងរយៈពេលយូរឆ្នាំទៀតរហូតដល់ប្រមាន៣-៥ឆ្នាំទៅមុខទៀត។

លោកបន្តឱ្យដឹងថា “សកម្មភាពសាងសង់ខាងលើនេះ គឺអ្នកអភិវឌ្ឍន៍បានទិញដីទុកអភិវឌ្ឍន៍គម្រោងរបស់ខ្លួនតាំងតែពីបុ៉ន្មានឆ្នាំមុនខណៈដែលតម្លៃដីនៅទាបនៅឡើយ ហើយពេលនេះក៏នៅតែបន្តសាងសង់គម្រោងចាស់ដែលនៅមិនទាន់បានបញ្ចប់តែប៉ុណ្ណោះ”។ លោកថា “ចាប់ពីពេលនេះទៅបើឱ្យអ្នកអភិវឌ្ឍន៍ទិញដីនៅភាគខាងជើង ឬខាងត្បូងបន្ថែមសម្រាប់សាងសង់លំនៅដ្ឋានកម្រិតមធ្យមផ្គត់ផ្គង់ទីផ្សារ ប្រហែលជាមិនមានទៀតនោះទេ ព្រោះតម្លៃដីនៅតំបន់នេះបានឡើងថ្លៃខ្ពស់រួចទៅហើយ ដែលមិនអនុគ្រោះដល់ឱកាសចំណេញពីការវិនិយោគ និងអភិវឌ្ឍទៀតនោះទេ”។

លោកម៉ាន់ ច័ន្ទឌីបានលើកឡើងថា បច្ចុប្បន្នអ្នកអភិវឌ្ឍន៍បាន និងកំពុងសម្លឹងទៅកាន់ភាគខាងលិចរាជធានីភ្នំពេញវិញម្ដង ដោយសារតែនៅតំបន់នោះនៅមានវិសាលភាពផ្ទៃដីទំនេរច្រើន តម្លៃនៅថោក និងមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលផ្តួចផ្តើមដោយរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា “តម្លៃដីនៅភាគខាងលិចរាជធានីភ្នំពេញនៅទាប ដែលអនុគ្រោះដល់ការវិនិយោគ និងការអភិវឌ្ឍន៍។ មិនថានៅប៉ែកខាងផ្លូវជាតិលេខ៥ ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅតំបន់មួយចំនួនក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺក្បែរផ្លូវជាតិលេខ៥១ ឬតំបន់កណ្តាលក្បែរភ្នំបាសិត និងក្បែរបឹងតាមោកក្នុងខណ្ឌព្រែកព្នៅនោះទេ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើន”។ លោកបន្តថា “តំបន់ទាំងនេះស័ក្ដិសមនឹងការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ដោយសារតែតម្លៃដីនៅតំបន់ដែលគួរវិនិយោគ និងអភិវឌ្ឍន៍គិតជាមធ្យមស្ថិតនៅក្នុងចន្លោះពី៣០-៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះបានអនុគ្រោះដល់ផលចំណេញសម្រាប់អ្នកអភិវឌ្ឍន៍”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ជាធម្មតានៅពេលដែលនៅតំបន់ក្រុងត្រូវបានបំពេញដោយគម្រោងអភិវឌ្ឍន៍ដែលរួមមានសំណង់តូចធំជាច្រើននោះវានឹងរុញច្រានចេញទៅកាន់តំបន់ដែលស្ថិតនៅក្បែរជាបន្តបន្ទាប់។ ដោយឡែកសម្រាប់ការអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋានក៏ដូចជាគ្នា នៅពេលដែលតំបន់មួយត្រូវបានចា់បំពេញកាន់តែច្រើន នោះតម្លៃនឹងកើនឡើងខ្ពស់ដោយស្វ័យប្រវត្តិ ដូច្នេះអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ត្រូវតែងាកទៅរកតំបន់ណាដែលអាចមានសក្ដានុពលល្អ អាចបំផុសទីផ្សារបាន និងងាយទទួលបានចំណេញត្រឡប់មកវិញ។

លោកបានបញ្ជាក់ថា “នៅតំបន់ភាគខាងលិចក្រុង គឺមានគម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋានជាច្រើនដែលនឹងបង្ហាញខ្លួននៅទីនោះ មានទាំងសំណង់បណ្តុំលំនៅដ្ឋាន និងសំណង់បែបបុរីផងដែរ ប៉ុន្តែសម្រាប់តម្លៃភាគច្រើនជាប្រភេទលំនៅដ្ឋានកម្រិតសមរម្យតែប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here