ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្រដៀងគ្នាទៅនឹងផ្នែកផ្សេងៗនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាដែលទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិសេដ្ឋកិច្ចសាកល សម្រាប់ទីផ្សារអាផាតមុិនក៏ទទួលរងនូវផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែស្ថានការអាចនឹងចាប់ផ្តើមកើនឡើងវិញក្នុងឆ្នាំ២០២១នេះ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Town City លោកវន ចាន់ថន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ទីផ្សារអាផាតមុិនដែលមានការធ្លាក់ចុះកាលពីពាក់កណ្តាលឆ្នាំ២០២០នោះ បានចាប់ផ្តើមកម្រើកឡើងវិញជាបណ្ដើរៗ ខណៈដែលតម្លៃនៃការជួលក៏មានការកើនឡើងផងដែរ។
លោកបន្តថា “ស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងជំងឺកាលពីពេលកន្លងទៅ សម្រាប់ទីផ្សារអាផាមុិនក៏មិនសូវខុសពីផ្នែកដទៃទៀតនោះដែរ។ ការជួលអាផាតមុិនភាគច្រើនត្រូវបានចុះកុងត្រាជួលក្នុងរយៈពេលយូរ ប៉ុន្តែអ្វីដែលសំខាន់គឺភាគច្រើនជាជនបរទេសច្រើនជាងអ្នកនៅក្នុងស្រុក អត្រាចំនួននៃការជួលអាចមានច្រើន ប៉ុន្តែចំពោះតម្លៃគឺធ្លាក់ចុះ ដោយសារតែម្ចាស់អគារបានជួយសម្រួលទម្លាក់ចុះនូវតម្លៃក្នុងចន្លោះពី២០-៣០ភាគរយទៅដល់អតិថិជនរបស់ខ្លួនដែលជាអ្នកក្នុងស្រុកផ្ទាល់ ដោយឡែកសម្រាប់អតិថិជនជាជនជាតិបរទេសនៅមិនទាន់បានវិលចូលប្រទេសកម្ពុជាវិញនោះទេ”។
លោកបានបន្តថា “ដោយឡែកសម្រាប់ដើមឆ្នាំ២០២១នេះ ខណៈពេលដែលស្ថានភាពនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរមនុស្សចាប់ផ្តើមចេញដើរប្រកបមុខរបរ និងធ្វើជំនួញ និងបំពេញការងារឡើងវិញ តម្រូវការទីផ្សាមួយនេះក៏បានចាប់ផ្តើមប្រែរកស្ថានភាពល្អជាបណ្តើរៗ ហើយតម្លៃទៀតសោតក៏បានកើនឡើងវិញផងដែរ។ ខ្ញុំគិតថា មិនយូរទេ ទីផ្សារអាផាតមិននឹងងាកមករកភាពល្អប្រសើរវិញខណៈបណ្តាប្រទេសមួយចំនួនចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង ជាពិសេសប្រទេសចិន ដែលមានប្រជាជនជាច្រើនចូលមករស់នៅ និងប្រកបការងារនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅក្នុងអគារអាផាតមុិន”។
នាយិការប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ថា នៅឆ្នាំ២០២១នេះផ្នែកជាច្រើននៅក្នុងវិស័យអចលនទ្រព្យនឹងចាប់ផ្តើមមានកំណើនឡើងវិញ ប៉ុន្តែនៅមិនទាន់ខ្លាំងក្លានោះទេ ដែលយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល៦ខែទៀត។
លោកស្រីបានបន្តថា “ទីផ្សារអាផាតមុិនកាលពីពេលកន្លងទៅក៏ទទួលរងនូវផលប៉ះពាល់ធ្ងន់ដែរ ដោយសារតែអតិថិជនភាគច្រើនជាជនបរទេសច្រើនជាងខ្មែរដែលនៅក្នុងស្រុក”។
លោកស្រីបញ្ជាក់ថា ពេលនេះសម្រាប់អ្នកដែលចូលទៅរស់នៅក្នុងអាផាតមុិនគឺភាគច្រើនជាជនជាតិខ្មែរ ដោយឡែកសម្រាប់អតិថិជនបរទេសនៅមិនទាន់វិលមកវិញនោះទេ ដោយសារតែប្រទេសនីមួយៗនៅមិនទាន់បើកទូលាយឱ្យធ្វើដំណើរចេញចូលនៅឡើយ។ ទីផ្សារមួយនេះអាចដំណើរការល្អវិញបាន យ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ២០២១ បន្ទាប់ពីការប្រើប្រាស់វ៉ាក់សាំងមានប្រសិទ្ធភាព និងជាសាកល ដែលអាចទប់ស្កាត់ការចម្លងជំងឺបាន១០០ភាគរយ ហើយវិនិយោគិន ក៏ដូចជាកម្លាំងជំនាញរបស់ជនបរទេសវិលមកប្រកបជំនួញ ឬបម្រើការងារនៅក្នុងប្រទេសកម្ពុជាវិញបាន៕