ដោយៈសហការី
ក្វាងចូវៈ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ EverGrande បានប្រកាសថា កីឡដ្ឋានបាល់ទាត់ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទំហំវិនិយោគប្រមាណជា ១,៧ ពាន់លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ហើយ។
កីឡដ្ឋាននេះមានអាចផ្ទុកកន្លែងអង្គុយទស្សនា បានសរុបចំនួន ១០០,០០០កន្លែង ដែលនឹងក្លាយជាកីឡដ្ឋានបាល់ទាត់ ធំជាងគេបំផុតនៅលើពិភពលោក។ កីឡាដ្ឋានយក្សនេះ នឹងត្រូវបានរចនាឡើងជារូបរាងផ្កាឈូក ហើយគ្រោងនិងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ ។
ការរចនានៃពហុកីឡាដ្ឋាននេះ គឺជាស្នាដៃរបស់អ្នករចនាជនជាតិអាមេរិក ដែលមានឈ្មោះថា Hasan Syed ដែលមានមូលដ្ឋាននៅសៀងហៃ ដោយធ្វើតាមគំនិតដំបូងពីប្រធានក្រុមហ៊ុន Evergrande Group Xu Jiayin ។ ការរចនាផ្កាឈូកមានប្រភពចេញពីទីក្រុងក្វាងចូវ ដែលត្រូវបានគេស្គាល់ថាជាទីក្រុងផ្កា។
ពហុកីឡាដ្ឋាននេះ រួមមានបន្ទប់ឯកជន VIP ចំនួន១៦ បន្ទប់ឯកជន VIP ចំនួន១៥២ តំបន់ FIFA តំបន់អត្តពលកម្មតំបន់ប្រព័ន្ធផ្សព្វផ្សាយ និងបន្ទប់សារព័ត៌មាន។
យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងទៀតថា ក្រុមហ៊ុន Evergrande គ្រោងសាងសង់ពហុកីឡាដ្ឋានចន្លោះពី៣ ទៅ៥ទៀត ដែលមានសមត្ថភាពផ្ទុកដល់៨០,០០០ ទៅ១០០,០០០ នៅជុំវិញប្រទេសចិន។
ប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ EverGrande លោក Xia HaiJun បានមានប្រសាសន៍ថា ការងារសាងសង់បានចាប់ផ្តើមដំណើរការ កាលពីសប្តាហ៍មុន ដោយមានគោលដៅ ដើម្បីក្លាយជា “និមិត្តសញ្ញាថ្មីលំដាប់ពិភពលោក ដែលអាចប្រៀបធៀបបានទៅនឹងអគារSydney Opera House និង អគារBurj Khalifa នៅឌូបៃ។
សមត្ថភាពនៃកីឡដ្ឋាននេះ នឹងបំបែកឯកទគ្គកម្មរបស់កីឡដ្ឋាន Camp Nou នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដែលអាចផ្ទុកបានចំនួន៩៩,៣៥៤ កន្លែង៕ ប្រភព(CNN)