ដោយ ៖ រ៉ាណេត
តាខ្មៅ ៖ ក្រោមកិច្ចសហការិនិយោគ និងអភិវឌ្ឍន៍រវាងរដ្ឋបាលខេត្ត និងវិស័យឯកជនបានធ្វើឱ្យក្រុងតាខ្មៅនៃខេត្តកណ្តាលបង្កើនភាពទាក់ទាញលើការវិនិយោគក្នុងវិស័យអចលនទ្រព្យកាន់តែប្រសើរជាមួយនឹងការកើនឡើងនូវតម្លៃនៅលើទីផ្សារផងដែ។
អភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃចុងសប្ដាហ៍នេះថា ក្រុងតាខ្មៅនៅពេលបច្ចុប្បន្ននេះបើប្រៀបធៀបទៅនឹងរយៈ២-៣ ឆ្នាំមុនគឺមានភាពរីកចម្រើនក្រោមការចូលរួមវិនិយោគពីវិស័យឯកជនជាមួយរដ្ឋបាលក្រុង និងខេត្តកណ្តាល។
លោកថា “យើងឃើញថាពីមួយថ្ងៃទៅមួួយសកម្មភាពនៃការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគផ្សេងៗជាពិសេសលើវិស័យសំណង់គឺមានការកើនឡើងជាលំដាប់។ សំណង់ភាគច្រើនជាប្រភេទលំនៅដ្ឋានស្ថិតនៅក្នុង និងជាយក្រុងតាខ្មៅ ក្នុងរូបភាពជាប្រភេទលំនៅដ្ឋានតម្លៃសមរម្យ”។
លោកបន្តថា “ដោយឡែកនៅក្នុងក្រុងតាខ្មៅក៏កាន់តែមានភាពទាក់ទាញច្រើន នៅពេលប្រជាជនគាត់មានចំណូលច្រើនគាត់ចាយត្រឡប់ទៅវិញក៏ច្រើន ពួកគាត់ចាប់ផ្តើមគិតពីអ្វីដែលល្អសម្រាប់ការរស់នៅប្រចាំថ្ងៃរាប់ទាំងទីកន្លែងស្នាក់នៅ ចំណីអាហារ សុខភាព និងការកម្សាន្តផងដែរ ដែលទាំងអស់នេះសុទ្ធតែជាចំណុចសំខាន់ដែលជួយជំរុញឱ្យក្រុងតាខ្មៅមានការអភិវឌ្ឍន៍កាន់តែខ្លាំង”។
ស្ថានភាពជាក់ស្ដែងនៅក្នុងក្រុងតាខ្មៅនាពេលបច្ចុប្បន្ន បាន និងកំពុងដើរតាមគម្រោងផែនការមេ និងប្លង់គោលដែលបានរៀបចំទុក ដែលមានការបែងចែកដាច់ដោយឡែករវាងតំបន់លំនៅដ្ឋាន តំបន់សាធារណៈ និងផែនការនៃការអភិវឌ្ឍន៍។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា “នៅតំបន់ណាក៏ដោយ នៅពេលមានការអភិវឌ្ឍន៍លើផ្នែកហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អ មានការរៀបចំសណ្ដាប់ធ្នាប់ល្អងាយស្រួលក្នុងការរស់នៅ នឹងជំរុញឱ្យមានមនុស្សកាន់តែច្រើន។ នៅពេលមានមនុស្សកាន់តែច្រើន មានកំណើនតម្រូវការកន្លែងស្នាក់នៅ និងការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ វានឹងជំរុញឱ្យតម្លៃដីធ្លីឡើងថ្លៃផងដែរ។ យើងឃើញថា ទាំងនៅក្នុងក្រុង ជាពិសេសនៅតំបន់ជុំវិញក្រុងតាខ្មៅគឺមានគម្រោសាងសង់សំណង់លំនៅដ្ឋានជាច្រើន។ ខ្ញុំមិនច្បាស់ពីតម្លៃដីធ្លីនៅលើទីផ្សារនោះទេ ព្រោះខ្ញុំមិនបានសិក្សាលម្អិត ប៉ុន្តែគ្រាន់តែដឹងថា តម្លៃមានការឡើងថ្លៃជាងកាលពី១ឬ២ឆ្នាំមុន”។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រីតាំង ហួរ បានទទួលស្គាល់ថាតម្រូវការដីធ្លីនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅតាមតំបន់ជាយក្រុងតាខ្មៅផងដែរគឺពិតជាមានការកើនឡើង ហើយតម្លៃក៏ឡើងថ្លៃដែរ។
លោកស្រីបន្តថា “តម្លៃដីនៅកណ្តាលក្រុងតម្លៃទាប ឬខ្ពស់អាស្រ័យទៅតាមទីតាំងស្ថិតនៅក្បែរធំ ឬផ្លូវតូច និងទំហំដី។ ដីដែលមានទំហំស្ថិតនៅផ្លូវធំអាចមានតម្លៃស្ថិតនៅក្នុងចន្លោះ៧០០-៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើដីទំហំតូចសម្រាប់លំនៅដ្ឋានអាចស្ថិតនៅក្នុងចន្លោះ១០០០-១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ដីដែលស្ថិតនៅតាមផ្លូវតូចៗអាចស្ថិតនៅក្នុងចន្លោះពី៤០០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
លោកបញ្ជាក់ទៀតថា “សម្រាប់តម្លៃដីដែលស្ថិតនៅជាយក្រុងតាខ្មៅដូចជានៅជាប់តំបន់ផ្លូវ២១B អាចមានតម្លៃចាប់ពី៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើងាកមកក្បែរតំបន់ផ្លូវ៦០ម៉ែត្រ តម្លៃដីស្ថិតនៅកម្រិតមធ្យម និងកម្រិតខ្ពស់ ចាប់ពី៥០០ដុល្លារ ឡើងរហូតដល់១០០០ដុល្លារក៏មាន ដែលអាស្រ័យទៅលើទីតាំង និងទំហំដីជាក់ស្ដែង”៕