រដ្ឋាភិបាលទទួលបានចំណូលពីប្រៃសណីយ៍កម្ពុជា ៦.៥លានដុល្លារ ក្នុងឆ្នាំ២០២០

0

ដោយ ៖ រ៉ាណត

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០កន្លងទៅនេះតាមរយៈប្រៃសណីយ៍កម្ពុជា រដ្ឋាភិបាលទទួលបានចំណូលចំនួន៦.៥លានដុល្លារ មានការធ្លាក់ចុះប្រមាណ៤៦ភាគរយប្រៀបធៀបកាលពីឆ្នាំ២០១៩ ដែលមានចំណូលប្រមាណ១៣លានដុល្លារ។

ប្រតិភូរាជរដ្ឋាភិបាល លោកអោក បូរ៉ាទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានប្រសាសន៍នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះថា កាលពីឆ្នាំ២០២០កន្លងទៅនេះ ប្រៃសណីយ៍កម្ពុជារកបានចំណូល ៦.៥លានដុល្លារធ្លាក់ចុះ៤៦ភាគរយ ក្រោមហេតុផលបណ្តាលមកពីការទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩។

លោកបានបញ្ជាក់ថា “ចំណូលចាប់ពីខែមីនា ដល់ខែកក្កដា គឺ០ភាគរយ អីចឹងដាច់ឆ្នាំនេះ ចំណូលប្រៃសណីយ៍ធ្លាក់ចុះ៤៦ភាគរយ ខណៈដែលកាលពីឆ្នាំ២០១៩ យើងទទួលបានប្រមាណ១៣លានដុល្លារ និងដាច់ឆ្នាំ២០២០ ទទួលបានតែ៦.៥លានដុល្លារប៉ុណ្ណោះ”។

លោកបន្តថា “ក្នុងឆ្នាំ២០២០ ចាប់ពីខែមីនា រហូតដល់ខែកក្កដា បានបិទទាំងស្រុងបញ្ញើទៅអន្ដរជាតិ ព្រោះថា ប្រៃសណីយ៍កម្ពុជា ពឹងផ្អែកលើមធ្យោបាយក្រុមហ៊ុនដឹកជញ្ជូនអន្ដរជាតិ ហើយនៅពេលនោះ ជាពេលដែលកូវីដ-១៩ រាតត្បាតខ្លាំង ដែលធ្វើជើងហោះហើរត្រូវបានបិទទាំងស្រុង”។

ចំពោះផែនការដើម្បីបង្កើនចំណូលក្នុងឆ្នាំ២០២១នេះ ត្រូវបានលោក អោក បូរ៉ា ប្រាប់ឱ្យដឹងថា ដើម្បីពង្រឹងចំណូលឡើងវិញ គឺមានតែស្រូបបញ្ញើក្នុងស្រុក ដោយពង្រឹងប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក ដូចថ្ងៃនេះបានចាប់ដៃគូសហការ ដើម្បីពង្រឹងប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក។

លោកអគ្គនាយកប្រៃសណីយ៍កម្ពុជា បានគូសបញ្ជាក់ថា “ជារៀងរាល់ឆ្នាំ ប្រៃសណីយ៍កម្ពុជា ពឹងផ្អែកលើអន្ដរជាតិ ប្រមាណ៩៥ភាគរយ ដូច្នេះហើយនៅពេលដែលបិទជើងហោះហើរ ប្រៃសណីយ៍កម្ពុជា គឺស្លាប់តែម្ដង”។

លោក អោក បូរ៉ា បានបន្ថែមឱ្យដឹងថា បច្ចុប្បន្ន ប្រៃសណីយ៍កម្ពុជា បានខិតខំស្វែងរកភ្នាក់ងារ ដើម្បីជួយប្រមូលបញ្ញើក្នុងការសាងបច្ចេកទេសរឹងមាំ ក្នុងគោលបំណងពង្រីងចំណូល ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩។ ធ្វើដូច្នេះ ប្រៃសណីយ៍កម្ពុជានឹងអាចកើនចំណូលពី១៥ ទៅ២០ភាគរយក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here