ដោយៈ ម៉ាណេត
ភ្នំពេញៈ គម្រោងខុនដូចំនួន៣ថ្មី បានដាក់ដំណើរការនៅត្រីមាសទី៤ ឆ្នាំ២០២០ ខណៈគម្រោងខុនដូចំនួន២ បានបញ្ចប់ការសាងសង់។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។
ជាមួយគ្នានេះ គម្រោងខុនថ្មីដូចំនួន៣ បានដំណើរការសាងសង់ ដូចជាគម្រោង Green Leaf Residence មានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ ដែលមាន១៦២យូនីត គម្រោង Real Hope មានទីតាំងស្ថិតនៅក្នុងខណ្ឌចំការមន ដែលមាន២៣១យូនីត និងគម្រោង City Light មានទីតាំងខណ្ឌចំការមនដែលមាន១៥០យូនីត។
គម្រោងទាំង២ ដែលបានបញ្ចប់ការសាងសង់នេះ ចូលរួមចំណែក៩៣៧យូនីតដល់ទីផ្សារខុនដូតម្លៃមធ្យម និងតម្លៃសមរម្យ នៅត្រីមាសទី៤ ឆ្នាំ២០២០កើនឡើង៣.៧៥ភាគរយ បើធៀបនឹងត្រីមាសទី៣។
ក្នុងមួយឆ្នាំការផ្គត់ផ្គង់ក្នុងវិស័យខុនដូ បានកើនឡើង១៧,៦ភាគរយ ដោយមានយូនីតសរុបចំនួន៣.៧៧៨ ដែលបានផ្គត់ផ្គង់ក្នុងទីផ្សារបច្ចុប្បន្ន។ ទោះយ៉ាងណា ការកើនឡើងនេះទំនងជាធ្លាក់ចុះ ខណៈមានការព្យាករណ៍ថា យូនីតខុនដូចំនួន១១.០០០ នឹងដាក់បញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំ២០២១ ។
ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ តម្លៃខុនដូបានធ្លាក់ចុះនៅគ្រប់ផ្នែក។ តម្លៃខុនដូកម្រិតមធ្យម បានធ្លាក់ចុះ៥,៩ភាគររយនៅត្រីមាសទី៤ បើធៀបនឹងត្រីមាសទី៣ ខណៈតម្លៃខុនដូលំដាប់ប្រណីតធ្លាក់ចុះ១,៦ភាគរយ។ ខុនដូតម្លៃតម្លៃសមរម្យ មានការធ្លាក់ចុះតិចតូច ត្រឹមតែ១,២ភាគរយប៉ុណ្ណោះ។
ការធ្លាក់ចុះ នៃតម្លៃខុនដូ បានឆ្លុះបញ្ចាំងទាំងការកើនឡើងនៃការផ្គត់ផ្គង់ ហើយចំនួនអ្នកទិញបរទេសធ្លាក់ចុះ ដោយសារលទ្ធផលនៃការរឹតត្បិតការធ្វើដំណើរ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក៕