ដោយៈលក្ខិណា
ប្រទេសថៃៈ របាយការណ៍របស់ធនាគារពិភពលោកនិយាយថា ប្រជាជនថៃប្រមាណ១,៥លាននាក់ ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ ២០២០ ដោយសារតែជំងឺរាតត្បាត។
លោកKiatipong Ariyapruchya សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសថៃនៅធនាគារពិភពលោកបាននិយាយថា ប្រជាជនក្រីក្ររបស់ប្រទេសថៃ មានចំនួនសរុប៣,៧លាននាក់ក្នុងឆ្នាំ២០១៩ ហើយចំនួនសរុបត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៥,២លាននាក់នៅឆ្នាំ ២០២០ ដែលត្រូវបានសន្និដ្ឋានថា ជាផលប៉ះពាល់អវិជ្ជមានពីវិបត្តិជម្ងឺឆ្លង។
លោកបន្តថា “ចំនួនប្រជាជនក្រីក្រ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះវិញដល់៥លាននាក់នៅឆ្នាំ២០២១ ដោយសារតែការងើបឡើងវិញនៃការងារ ខណៈសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានការងើបឡើងវិញផងដែរ”។
អត្រានៃភាពក្រីក្ររបស់ប្រជាជនថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់៨,៨% ក្នុងឆ្នាំ២០២០ កើនឡើងពី៦,២% ក្នុងឆ្នាំ២០១៩ មុនពេលកាត់បន្ថយមកនៅត្រឹម៨,៤ភាគរយនៅឆ្នាំនេះ។ ធនាគារពិភពលោកកំណត់បន្ទាត់នៃភាពក្រីក្រ ក្នុងប្រាក់ចំណូលប្រចាំថ្ងៃមានចំនួន៥.៥០ដុល្លារ ឬ១៦៥បាត សំរាប់មនុស្សម្នាក់ ។
ការផ្ទុះឡើងនៃមេរោគកូរ៉ូណា បានជះឥទ្ធិពលដល់ទីផ្សារការងារប្រទេសថៃយ៉ាងខ្លាំង ជាពិសេសនៅឆមាសទីមួយនៃឆ្នាំកន្លងទៅ ដែលនាំឱ្យមានអត្រាគ្មានការងារធ្វើខ្ពស់ ។ វិបត្តិនេះ បានកាត់បន្ថយប្រាក់ចំណូលរបស់ប្រជាជនថៃ។
នៅឆមាសទីមួយនៃឆ្នាំ ២០២០ ប្រទេសថៃ បានកត់ត្រាការខាតបង់ការងារចំនួន ៣៤០,០០០ការងារ ជាមួយនិងការកាត់បន្ថយម៉ោងធ្វើការប្រហែល៣ម៉ោង សំរាប់ស្ត្រីនិង២ម៉ោងសំរាប់បុរស។
យោងតាមការងារ និងប្រាក់ចំណូលដែលកំពុងងើបឡើងវិញ របាយការណ៏ចុងក្រោយនៃក្រុមអ្នកតាមដានសេដ្ឋកិច្ចធនាគារពិភពលោក របស់ប្រទេសថៃបានឲ្យដឹងថា សេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណថា ធ្លាក់ចុះ6.5ភាគរយ និងកើនឡើង៤ភាគរយ នៅឆ្នាំ២០២១។
របាយការណ៍បាននិយាយថា ការងើបឡើងវិញនៃការងារប្រកបដោយចីរភាពគឺចាំបាច់ ដើម្បីជួយប្រទេសនេះ ឱ្យស្តារឡើងវិញនៅឆ្នាំ ២០២១-២២ ។ ការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនថៃ៥០ភាគរយ ត្រូវបានរំពឹងថា ធ្វើឡើងនៅឆមាសទី២ នៃឆ្នាំ ២០២១ ដែលនឹងជួយជម្រុញឧស្សាហកម្មទេសចរណ៍ របស់ប្រទេសនេះជាបណ្តើរៗ។
សម្រាប់នៅកម្ពុជាវិញ កន្លងមក ធនាគារពិភពលោកក៏បានព្យាករណ៍អត្រាភាពក្រីក្រក៏នឹងអាចកើនឡើងថែមទៀតដែរ ដោយសារតែកូវីដ១៩ តែដោយសារតែវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យអត្រាភាពក្រីក្រ នៅកម្ពុជាបានទប់ស្កាត់មិនឱ្យធ្លាក់ចុះបន្ថែមទៀត៕