តើ​កត្តា​អ្វីខ្លះ​ដែល​ទាក់ទាញ​សហគ្រិន​វ័យក្មេង​ឲ្យ​ប្រើប្រាស់​ការិយាល័យ​សហកម្ម​សិ​ទ្ឋ?

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ការិយាល័យ​រួម (Co-Working Space) ដែលជា​កន្លែងធ្វើការ​ស​ម្រា​ប់​សហគ្រិន​ឯករាជ្យ​វ័យក្មេង ឬ​ជា​ក្រុម​មាន​សមាជិក​តិច ដែលមាន​បំណង​បើក​អាជីវកម្ម​ផ្តួចផ្តើម​ថ្មី បច្ចុប្បន្ន​វា​កំពុង​ទាក់ទាញ និង​មាន​ភាព​ពេញនិយម​ច្រើន ដោយសារ​កត្តា​ចំបង​មួយចំនួន។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ​បាន​មានប្រសាសន៍ថា “ការិយាល័យ​រួមមាន​អត្ថប្រយោជន៍​ច្រើន ដោយមាន​ផ្តល់​បរិក្ខារ​ពេញលេញ​ដូចជា គ្រឿង​សង្ហា​រឹម បណ្តាញ​អ៉ិ​ន​ធឺ​ណែ​ត ម៉ាស៊ីនត្រជាក់ ដោយ​មិនចាំបាច់​រៀបចំ​ខ្លួនឯង​នោះទេ” ។

លោក​ពន្យល់ថា ក្រុមហ៊ុនតូចៗ ឬ​សហគ្រិន​វ័យក្មេង មិនចាំបាច់​ជួល​ការិយាល័យធំៗផ្ទាល់ខ្លួន​ឡើយ ព្រោះ​ទីនោះ​មានតម្លៃ​ថ្លៃ ដូច្នេះ​ការិយាល័យ​រួម​នឹង​ផ្តល់ឱ្យ​នូវ​តម្លៃ​សមរម្យ ដែល​អាច​ផ្តល់​ជា​ការបង់​ប្រចាំខែ គិត​ទៅតាម​ម៉ែត្រការ៉េ​ឬ​តុ។ ប៉ុន្តែ​បច្ចុប្បន្ន​ទីផ្សារ​គិត​ជា​តុ​ច្រើនជាង អាច​អង្គុយ​បាន៣ ទៅ៤នាក់ រីឯ​តម្លៃ​វិញ​មាន​ចាប់ពី៣០០ដុល្លារ​ឡើងទៅ តាម​ចំនួន​តុ។

មិនតែប៉ុណ្ណោះ កត្តា​គួរឱ្យ​ទាក់ទាញ​មួយទៀត​នោះ លោក វ៉ា វីរៈ បាន​លើកឡើងថា “ក្រុមហ៊ុន​ឬ​អាជីវកម្ម​ផ្តួចផ្តើម​ថ្មី អាច​កំណត់​ទីតាំង​របស់​ការិយាល័យ​រួម​បាន ឧទាហរណ៍ នៅពេល​មានការ​ទម្លាក់​ទំនិញ ផ្ញើ​សំបុត្រ ឯកសារ​នានា ព្រមទាំង​របស់របរ​ចាំបាច់ផ្សេងៗនោះបាន​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ច្រើន” ។

ទន្ទឹមនេះ​លោក​សង្កត់ធ្ងន់ថា សហគ្រិន​អាចមាន​ឱកាស​ជួប​មនុស្ស​ច្រើន នៅ​ទីនោះ អាច​ប្រាស្រ័យ​ទាក់ទង​គ្នា ចែករំលែក​បទពិសោធ​ន៍ និង​ជួយ​សហការគ្នា​ទៅវិញទៅមក ព្រោះ​ភាគច្រើន​ការិយាល័យ​រួម​ច្រើន តែ​ស្ថិតនៅ​តំបន់​ទីប្រជុំជន ងាយស្រួល​ជួបពិភាក្សា​ជាមួយ​អតិថិជន​ផងដែរ។

អ្នកជំនាញ​មួយរូប​ដែលជា​អគ្គនាយក​ក្រុមហ៊ុន ERA Cambodia លោក ខន គង្គា​បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ PropertyArea.asiaថា  កត្តា​មាន​ច្រើន​ដែល​ធ្វើ​ឲ្យ​ការិយាល័យ​រួមមាន​ភាព​ទាក់ទាញ។ កត្តា​ទាំងនោះ​មានដូចជា ការិយាល័យ​រួម អនុញ្ញាតឱ្យ​ក្រុមហ៊ុនតូចៗអាចធ្វើ​ការ​មាន​វិជ្ជាជីវៈ ហើយ​មួយទៀត​នោះ​បើ​ពួកគាត់ ទៅ​ជួល​ការិយាល័យធំៗ អាច​នឹងមិន​មានលទ្ធភាព​ជួល ដូច្នេះ​ការិយាល័យ​រួម​នេះ​នឹង​ផ្តល់ឱកាស​ឱ្យ​ពួកគាត់​បាន។

ជា​ការពិត​ការិយាល័យ​រួម មិនទាន់មាន​ការរីក​ដុះដាល ទូទាំងប្រទេស​កម្ពុជា​នៅឡើយ​ទេ ដោយឡែក​មាន​ច្រើន​តំបន់​គួរសម​ក្នុង​ទីក្រុង​ភ្នំពេញ ដូចជា ម្តុំ​បឹង​កេងកង ទួល​ទំ​ពួ​ង បឹង​ព្រលឹត និង​ទួលគោក​ជាដើម។

យ៉ាងណាមិញ អ្នកវិនិយោគ​លើ​វិស័យ​ការិយាល័យ​រួម​សម្រាប់​ជួល ឬ​ហៅថា Co-working Space នេះ ចាប់ផ្តើម​លូតលាស់​បន្តិចម្តងៗ ព្រោះថា​កម្ពុជា​កំពុងមាន​ការកើនឡើង​ខ្លាំង​នូវ​សហគ្រិន ឬ​អ្នក​ដែល​ចង់​រកស៊ី​មុខ​ជំនួញផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here