ដោយ៖ ប៊ី
ភ្នំពេញ៖ រដ្ឋាភិបាលបានត្រៀមដាក់យុទ្ធសាស្ត្រធំៗចំនួន៣ ដើម្បីជួយជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញជាមួយជានឹងភាពធន់នៃសេដ្ឋកិច្ចចំពោះវិបត្តិសេដ្ឋកិច្ច ដែលកើតឡើងនាអនាគត។
លោកវង្សី វិស្សុតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះបានថ្លែងក្នុងវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ថា រដ្ឋាភិបាលត្រៀមដាក់យុទ្ធសាស្ត្រចំនួន៣ធំៗ ដើម្បីធ្វើឱ្យមានភាពធន់នៃសេដ្ឋកិច្ចចំពោះវិបត្តិដែលនឹងអាចកើតឡើងបន្តទៀតនៅពេលខាងមុខ។
យុទ្ធសាស្ត្រចំនួន៣ធំៗមានដូចខាងក្រោម៖ យុទ្ធសាស្ត្រ (Survival) ទី១ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន ដែលជាការអាទិភាព។ ទី២ ការងារប្រជាជន ដែលរងផលប៉ះពាល់ជាសេដ្ឋកិច្ចសង្គម ដែលនឹងបន្តអន្តរគមន៍ជាជំនួយសង្គម ជាការបង្កើតការងារបន្តទៀតជូនប្រជាជន។ ទី៣ ជួយឱ្យសេដ្ឋកិច្ច និងធុរកិច្ច ដែលជួបផលលំបាកអាចរស់បាន ប៉ុន្តែធុរកិច្ចមិនមែនទាំងអស់នោះទេ ពោលគឺរដ្ឋាភិបាលជួយធុរកិច្ចណាដែលមានសក្តានុពល ហើយអាចរីកលួតលាស់ល្អនាអនាគត។ ការបែងចែកធនធាននេះក៏ត្រូវធ្វើទៅលើអ្វីដែលអាចរកបាន និងអ្វីដែលមានក្នុងដៃ ត្រូវតែប្រើប្រាស់មិនមែនក្នុងឆ្នាំនោះទេ ហើយត្រូវប្រើឱ្យឆ្លងដល់ឆ្នាំ២០២៣ ដោយប្រើឱ្យសមស្រប និងត្រូវទិសដៅ។
លោកថា យុទ្ធសាស្ត្រទី២ ការកែទំរង់ (Reform) គឺការរៀបចំខ្លួនមួយ និងជាការបន្តរៀបចំខ្លួនឱ្យខ្លាំងក្នុងការកែទម្រង់រចនាសម្ព័ន្ធក្នុងគោលដៅធ្វើឱ្យសេដ្ឋកិច្ចរបស់យើង មានការធ្វើពិពិធកម្មជាងមុន និងឱ្យមានភាពប្រកួតប្រជែងខ្លាំងជាងមុន។ យើងមិនអាចពឹងតែលើវិស័យមួយៗបាននោះទេ ព្រោះបច្ចុប្បន្ន ប្រទេស ដែលមានសេដ្ឋកិច្ចងើបលឿនជាងគេ គឺប្រទេសឧស្សាហកម្ម និងកសិកម្ម តែប្រទេសពឹងផ្អែកលើសេវាកម្ម ងើបឡើងយឺតជាងគេ។ យើងត្រូវរៀនសូត្រពីវិបត្តិ ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់យើង ឱ្យកាន់តែមានពិពិធកម្ម តាមរយៈកែទំរង់បរិកាកាសរកស៊ី និងកិច្ចសម្រួលពាណិជ្ជកម្ម ហើយនឹងត្រូវដោះស្រាយបញ្ហាប្រឈម ដើម្បីធ្វើឱ្យបរិយាកាសធុរកិច្ចរបស់យើង កាន់តែល្អ និងទាក់ទាញ សម្រាប់អ្នកវិនិយោគ និងអ្នករកស៊ី ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ក្នុងនោះមួយដែរ ការធ្វើឌីជីថលនីយកម្ម ទាំងរដ្ឋភិបាល និងធុរកិច្ច ដែលយើងរៀបចំនាពេលខាងមុខ។
លោកវង្សី វិស្សុតបានបន្តថា យុទ្ធសាស្ត្រទី៣ ភាពធន់នឹងវិបត្តិសេដ្ឋកិច្ច (Resilience) ប្រទេសរបស់យើងនៅថ្ងៃក្រោយទៅ ខណៈវិបត្តិសេដ្ឋកិច្ចកើតឡើង១០ឆ្នាំៗម្តង ហើយវិបត្តិ ដូចជាវិបត្តិជំងឺកូវីដ១៩ វាអាចឡើងក្នុងរយៈពេល៥ឆ្នាំម្តង ឬ១០ម្តង ដែលយើងមិនអាចដឹងមុនបាន និងការប្រែប្រួលអាកាសធាតុ ក៏ពិបាកក្នុងការដឹងមុន ដូច្នេះយើងត្រូវធ្វើឱ្យមានភាពធន់នៃសេដ្ឋកិច្ចរបស់យើង។ ភាពធននៃសេដ្ឋកិច្ចមានដូចជា ទី១ វិស័យសាធារណៈគឺកន្លែងមួយ ដែលចាប់ផ្តើមឡើងមុនគេបង្អស់។ ក្នុងលំបាក និងវិបត្តិ គឺរដ្ឋ ដែលជាអ្នកដឹកមុខ និងអ្នកដោះស្រាយបញ្ហា ហើយយើងបានគិតគូរពីបញ្ហានេះ យូរណាស់មកហើយ ហើយវិស័យរដ្ឋ គឺជាគន្លឹះមួយធ្វើឱ្យមានភាពខ្លាំងជាងគេ ឆ្លាតវៃជាង និងស្អាតស្អំជាងមុន៕