ដោយៈប៊ី
ភ្នំពេញៈ ក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ 800 Super ដែលមានមូលដ្ឋាននៅសិង្ហបុរី បានប្រកាសឈានជើងចូលមកវិនិយោគក្នុងការគ្រប់គ្រងកាកសំណល់រ៉ឹងនៅកម្ពុជាដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរី Business Times នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
ក្រុមហ៊ុនសិង្ហបុរី ជាមួយដៃគូបានវិនិយោគរួមគ្នា ក្រុមហ៊ុន GAEA Waste Managementនៅកម្ពុជា ដែលទទួលបានកិច្ចសន្យារយៈពេល១០ឆ្នាំ សម្រាប់ការប្រមូលសំរាម និងការដឹកជញ្ជូនសំរាមសម្រាប់តំបន់មួយក្នុងចំណោមតំបន់ទាំង៣ ក្នុងរាជធានីភ្នំពេញ។
ការបណ្តាក់ទុនរួមគ្នា នឹងទទួលខុសត្រូវក្នុងការប្រមូល និងដឹកជញ្ជូនកាកសំណល់រឹងពីអនុតំបន់ចំនួន៥ ក្នុង Zone1 នៃទីក្រុងទៅកាន់ស្ថានីយ៍ផ្ទេរ ហើយបន្ទាប់មកទៅកន្លែងចាក់សំរាមក្នុងតំបន់ ដែលស្ថិតនៅរវាងរាជធានីភ្នំពេញ និងខេត្តជុំវិញ។
បរិមាណសំរាមដែលបានប៉ាន់ប្រមាណ មានប្រហែល១.០៤០តោន ក្នុងមួយថ្ងៃ កាលពីឆ្នាំមុន ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រហែល២.៧០០តោន ក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ នៅពេលទីក្រុងនេះរីកចម្រើនកាន់តែខ្លាំង។
ក្រុមហ៊ុន 800 Super គ្រោងដាក់ចេញបច្ចេកវិទ្យាជាច្រើន ដើម្បីគាំទ្រដល់តម្រូវការរយៈពេលវែង នៃទីក្រុងដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។ ជាដំបូង ក្រុមហ៊ុនគ្រប់គ្រងកាកសំណល់នេះ នឹងដាក់ចេញប្រព័ន្ធគ្រប់គ្រងGPS ដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរី ដើម្បីតាមដាន និងគ្រប់គ្រងការងារ ក៏ដូចជាពង្រឹងសុវត្ថិភាពកម្មកររបស់ខ្លួននៅភ្នំពេញ។
ក្រុមហ៊ុន 800 Super មានការគាំទ្រពី Enterprise Singapore (ESG) បានបញ្ចូលបច្ចេកវិទ្យាជាច្រើន នៅក្នុងប្រតិបត្តិការរបស់ខ្លួននៅសិង្ហបុរី ដើម្បីបង្កើនផលិតភាព និងបង្កើនប្រសិទ្ធភាព។
លោក William Lee នាយកប្រតិបត្តិក្រុមហ៊ុន ៨០០ Super បានមានប្រសាសន៍ថា “ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន800Super និងក្រុមហ៊ុនGAEA (800 Super-GAEA) នឹងនាំមកនូវបទពិសោធន៍ និងជំនាញរួមរបស់យើង ក្នុងការធ្វើការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ភាពស្អាត និងការរស់នៅក្នុងរាជធានីភ្នំពេញ”។លោកបន្តថា “យើងក៏នឹងបន្តស្វែងរកឱកាសថ្មីៗ នៅក្នុងប្រទេសកម្ពុជា ដែលជាទីផ្សារដ៏សំខាន់បំផុត នៅក្នុងយុទ្ធសាស្ត្រកំណើនរបស់យើង”។
រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកក្រុមហ៊ុន បណ្តាក់ទុនរួម 800 Super-GAEA ក្នុងចំណោមក្រុមហ៊ុនចំនួន២០ ដែលបានចូលរួមក្នុងដេញថ្លៃ ដែលបានធ្វើឡើង កាលពីខែមីនា ឆ្នាំមុន។
ក្រុមហ៊ុន ESG ទីភ្នាក់ងារបរិស្ថានជាតិ និងហេដ្ឋារចនាសម្ព័ន្ធអាស៊ីសិង្ហបុរី បានធ្វើការរួមគ្នា ដើម្បីចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងសំណល់រឹងនៅសិង្ហបុរី និងការអនុវត្តល្អបំផុត ដើម្បីធានាការគ្រប់គ្រងសំរាម ប្រកបដោយនិរន្តរភាព ជាមួយអាជ្ញាធរកម្ពុជា។
លោក Ng Chun Pin អនុប្រធាននាយកប្រតិបត្តិគម្រោងផែនការសាជីវកម្ម និងបច្ចេកវិទ្យានៃទីភ្នាក់ងារបរិស្ថានជាតិ បានមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់វិស័យសេវាកម្មបរិស្ថាន របស់ប្រទេសសិង្ហបុរី និងជាការបញ្ជាក់យ៉ាងមុតមាំនៃ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីភ្នាក់ងារ ដើម្បីជួយក្រុមហ៊ុនរបស់យើង ធ្វើអន្តរជាតូបនីយកម្ម”។
លោកបានបន្ថែមទៀតថា ការបណ្តាក់ទុនរួមនេះ គឺជាការបញ្ជាក់ពីសមត្ថភាព និងការប្រើប្រាស់ នៃវិស័យបរិស្ថានក្នុងស្រុករបស់សិង្ហបុរី ដែលអាចនាំមកនូវគុណតម្លៃ មិនត្រឹមតែតាមរយៈជំនាញ និងបទពិសោធន៍ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរួមបញ្ចូលបច្ចេកវិទ្យានិ ងការច្នៃប្រឌិត ដើម្បីធ្វើឱ្យសេវាកម្មរបស់ខ្លួន ឲ្យកាន់តែមានផលិតភាព និងប្រសិទ្ធភាព៕