ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនឹងនៅតែអាចមានកំណើនខ្ពស់ បើទោះបីជាប្រព័ន្ធនុគ្រោះពន្ធ GSP ត្រូវបានផុតសុពលភាពក៏ដោយ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា នៅឆ្នាំ ២០២០កន្លងទៅនេះ ការនំាចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅតែមានកំណើនគួរឲ្យកត់សម្គាល់ ទោះបីស្ថិតក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ក្តី ហើយសហរដ្ឋអាមេរិក បានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ស្របពេលទីផ្សារសហភាពអឺរ៉ុប បានធ្លាក់មកនៅលេខរឿងទី២វិញ។
លោកបញ្ជាក់ថា ការអូសបន្លាយនៃការស្នើសុំបន្តអនុគ្រោះពន្ធទាំងស្រុងក្រោមប្រព័ន្ធ GSP សម្រាប់ផលិតផលការបូបធ្វើដំណើរទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយសារតែការផ្លាស់ប្តូររដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដែលទើបធ្វើឡើងថ្មីៗនេះ។
លោកបន្តថា ចំពោះគម្រោងស្នើសុំបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធនេះ គឺមានភាគរយខ្ពស់ ក្នុងការទទួលបានសាជាថ្មីឡើងវិញ។ ប៉ុន្តែលោកថា ទោះបីមិនមានប្រព័ន្ធអនុគ្រោះពន្ធ GSP ក៏ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក នៅតែមានកំណើនខ្ពស់ដែរ ព្រោះថា ការអនុគ្រោះនេះ គឺសម្រាប់តែផលិតផលកាបូបធ្វើដំណើរតែប៉ុណ្ណោះ ចំណែកផលិតផលផ្សេងទៀត នៅតែទទួលបានការអនុគ្រោះពន្ធក្រោមប្រព័ន្ធ MSN ដដែល។ ប្រសិនបើសហរដ្ឋអាមេរិក មិនបន្តផ្តល់ការអនុគ្រោះពន្ធទាំងស្រុងក្រោមប្រព័ន្ធ GSP សាជាថ្មីទេ គឺមិនមែនតែកម្ពុជាទេ ដែលមិនបាន គឺប្រទេសជាង ៩០ផ្សេងទៀត ក៏មិនបានដូចគ្នា ដូច្នេះវាមិនបារម្ភសម្រាប់ការប្រកួតប្រជែងនោះទេ ដែលមានន័យថា ផលិតផលត្រូវបង់ពន្ធទាំងអស់គ្នា។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញថា ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០២០ ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់សរុបប្រមាណ ៦០៥៧លានដុល្លារ ដែលមានកំណើន ២២,២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ចំណែកការនាំចេញរបស់សហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ មានតម្លៃទឹកប្រាក់ ៣១២លានដុល្លារ បានធ្លាក់ចុះ ៣៥,៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ផលិតផលដែលកម្ពុជាធ្វើការនាំទៅកាន់ទីផ្សារអាមេរិករួមមាន សម្លៀកបំពាក់កាត់ដេរ ស្បែកជើង កាបូបធ្វើដំណើរ គ្រឿងអេឡិចត្រូនិក កង់ ផលិតផលកសិកម្ម សូឡា និងគ្រឿងសង្ហារឹម៕