ដោយៈ រ៉ាណេត
ភ្នំពេញៈ តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ឆ្នាំ ២០២០កន្លងទៅនេះ ការផ្តល់ឥណទានរបស់វិស័យធនាគារមានការធ្លាក់ចុះ ដោយសារការបារម្ភអំពីលទ្ធភាព នៃការបង់សងរបស់អតិថិជន ដែលធ្វើឲ្យកញ្ចប់ឥណទានរបស់វិស័យនេះនៅសល់ប្រមាណ ៧ពាន់លានដុល្លារ ដូច្នេះឥណទានទាំងនេះ អាចនឹងបញ្ចេញនៅឆ្នាំ ២០២១នេះ។
តាមរយៈរបាយការណ៍ដដែល ដែលបានផ្សព្វផ្សាយនៅក្នុងសប្ដាហ៍នេះបានបង្ហាញថា ជាមួយនឹងកញ្ចប់ឥណទានដែលនៅសល់ និងគ្រោងបញ្ចេញនៅឆ្នាំ២០២១នេះ ផ្គួបផ្សំជាមួយការបញ្ចេញកញ្ចប់ ថវិកាចំនួន២០០លានដុល្លាររបស់រាជរដ្ឋាភិបាល ដើម្បីធានាឥណទាន វិស័យធនាគារបានយ៉ាងតិច២ពាន់លានដុល្លារ និងការទម្លាក់ថវិកាទុន២៧០លានដុល្លារ ទៅធនាគារ SME និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់បង្កើនឥណទានទៅវិស័យអទិភាព និងយុទ្ធសាស្ត្រដង្ហើមសេដ្ឋកិច្ច។
នៅឆ្នាំ២០២០ប្រាក់បញ្ញើអតិថិជនមានទំហំ ៣៣,៨ពាន់លានដុល្លារអាមេរិក មានកំណើន១៥,៥ភាគរយ ក្នុងនោះឥណទានអតិថិជនមានទំហំ៣៧,៣ពាន់លានដុល្លារអាមេរិក កើនឡើង១៤,៨ភាគរយ បើធៀបកាលពីឆ្នាំ២០១៩ ។
ដោយឡែកសម្រាប់ការរៀបចំ ឥណទានឡើងវិញមានជាង២៨ម៉ឺនគណនី ស្មើនឹង ៤,២ពាន់លានដុល្លារអាមេរិក ក្នុងនោះការរៀបចំឥណទានឡើងវិញ របស់គ្រឹះស្ថានធនាគារបានថយចុះក្នុងខែវិច្ឆិកា ហើយសមតុល្យឥណទានរៀបចំឡើងវិញ បានចាប់ផ្ដើមថយចុះចាប់ពីខែកញ្ញាមក។ ចំណែកឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ គណនី និងសមតុល្យឥណទានរៀបចំឡើងវិញ បានថយចុះដល់កម្រិតទាបបំផុតក្នុងខែតុលា ប៉ុន្ដែបានកើនឡើងវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ៕