កិច្ចព្រមព្រៀងការចៀសវាងយកពន្ធត្រួតស៊ីគ្នារវាងកូរ៉េខាងត្បូង និងកម្ពុជាចូលជាធរមាន

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានថ្លែងថា កិច្ចព្រមព្រៀងការចៀសវាងយកពន្ធត្រួតស៊ីគ្នាដែលបានចុះហត្ថលេខារវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជាបានចូលជាធរមាននៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Yonhab News នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យប្រទេសទាំងពីរចៀសវាងការយកពន្ធលើប្រាក់ចំណូលត្បួតស៊ីគ្នា និងជួយបន្ធូរបន្ថយបន្ទុកពន្ធដល់ក្រុមហ៊ុនដែលធ្វើជំនួញនៅប្រទេសរវាងប្រទេសទាំងពីរ។

កូរ៉េខាងត្បូង និងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយប្រទេសទាំងពីរទទួលបានការអនុម័តពីសភាកាលពីខែមុន។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានតម្លៃ៨៨៤ លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ២០២០ មានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ១៤ ភាគរយ ខណៈដែលកាលពីឆ្នាំ២០១៩ទំហំពាណិជ្ជកម្មបានឈានដល់ប្រមាណ១០០០លានដុល្លារ។

តួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានបង្ហាញថាចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២០ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣១៧ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលធ្លាក់ចុះ១៨ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងដែលមានតម្លៃ៥៦៧លានដុល្លារធ្លាក់ចុះ ៥ ភាគរយ។

ប្រឈមនឹងកំណើនពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះនៅឆ្នាំ២០២០ ប្រទេសទាំងពីរបានបង្ហាញក្តីសង្ឃឹមខ្ពស់នៃកំណើនពាណិជ្ជកម្មលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍កាលពីពេល ថ្មីៗនេះថា ភាគីទាំងពីរនឹងបញ្ចប់សេចក្តីព្រាងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះហើយ ដោយរំពឹងថាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំ២០២១នេះ។

ប្រទេសកូរ៉េខាងត្បូងឥឡូវនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការចៀសវាងយកត្រួតស៊ីគ្នាជាមួយប្រទេសសមាជិកអាស៊ានទាំង១០។ កិច្ចព្រមព្រៀងដំបូង ដែលបានចុះហត្ថលេខាជាមួយប្រទេសវៀតណាម បានចូលជាធរមានក្នុងឆ្នាំ១៩៩៤។

ទីក្រុងសេអ៊ូលបានជំរុញគោលនយោបាយថ្មីភាគខាងត្បូងរបស់ខ្លួន ដែលជាគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់មួយ ដែលមានគោលបំណង ធ្វើឱ្យចំណងមិត្តភាពសេដ្ឋកិច្ច និងអាស៊ានកាន់តែស៊ីជម្រៅជាមួយអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here