ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនចិនធំៗលំដាប់យក្សបាន និងកំពុងឈានជើង និងត្រៀមខ្លូនចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញបណ្តើរៗហើយ ដែលកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិននៅថ្ងៃទី១ មករា ឆ្នាំ២០២១កន្លងមកនេះ ។
យោងតាមប្រភពព៌តមានពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងងថា បច្ចុប្បន្ននេះក្រុមហ៊ុនចិនជាច្រើនមកពីគ្រប់វិស័យពិសេសក្រុមហ៊ុនផលិត ដើម្បីនាំចេញបាននិងកំពុងផ្តោតលើការវិនិយោគ និងស្វែងរកដីធំៗ ដើម្បីផលិតផលិតផលកសិកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ចិនជាច្រើនទៀត នឹងចូលមកកាន់ទីផ្សារកម្ពុជាផងដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។
លោកបន្តថា “ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីជាការបើកផ្លូវសំរាប់ទំព័រថ្មីនៃទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងកម្ពុជា និងមហាមិត្តចិន ដែលបានចាត់ទុកគ្នាជាសហគមន៍រួមវាសនាតែមួយ”។
តាមប្រភពព៌តមានច្បាស់ការណ៍ដទៃទៀត បច្ចុប្បន្ននេះក្រុមហ៊ុនចិនធំៗជាច្រើនបាននិងកំពុងស្វែងរកដីរាប់រយពាក់ហិកតា ដើម្បីដាំដំណាំកសិកម្មសំរាប់កែច្នៃនាំចេញទៅកាន់ប្រទេសចិន និងប្រទេសធំៗដទៃទៀត។
ជាមួយគ្នានេះលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ ដោយវ៉ាក់សាំងកូវីដ១៩ប្រកាសប្រើប្រាស់ជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗពួកគេក៏លំបាកផងដែរ ប្រសិនជាពួកគាត់ចូលមកត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។ លោកបន្តថា ហេតុនេះការចូលមករបស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិCovid-19។
លោកបន្តថា “ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នៅថ្ងៃទី១មករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ”។លោកបន្តថា “ដូចនៅអឺរ៉ុបទំនិញភាគច្រើនហូរចូលប្រទេសបារាំង ហើយបារាំងជាអ្នកដើរតួចែកចាយទៅកាន់ប្រទេសជាង២០ទៀតក្នុងសហគមន៍អឺរ៉ុប”។
លោកឧកញ៉ាលឹម ហេងបានបន្តថា និន្នាការនេះនឹងបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា ហើយចំណូលរបស់រដ្ឋាភិបាលក៏កើនឡើងខ្លាំងផងដែរ ដូច្នេះបើកម្ពុជាយើងធ្វើបានល្អ យើងនឹងក្លាយជាទីផ្សារបោះដុំសំរាប់ចែកចាយទៅតំបន់អាស៊ាន ហើយក្រុមហ៊ុនអាមេរិកធំៗ នឹងចូលមកកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅកាន់់ប្រទេសចិន ក៏ដូចជាទីផ្សារអាមេរិក ដោយសារកម្ពុជាទទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ(GSP) ពីសហរដ្ឋអាមេរិកផងដែរ។
លោកបន្តថា “ខ្ញុំជឿថាសេដ្ឋកិច្ចកម្ពុជា នឹងមានភាពរីកចម្រើនខ្លាំងនៅពេលខាងមុខ ដោយសារកិច្ចព្រមព្រៀងFTA និងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគរបស់ រដ្ឋាភិបាលជាច្រើនទៀត”។
លោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ ក្នុងពិធីបើកវេទិកាសាធារណៈនៅដើមសប្តាហ៍នេះថា ឆ្នាំ២០២១នេះជាឳកាសធំណាស់សំរាប់កម្ពុជា ដែលយើងនឹងទាក់ទាញបានអ្នកវិនិយោគច្រើន ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងពេលខាងមុខចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ ដែលនឹងផ្តល់ផលប្រយោជន៍ធំណាស់ សម្រាប់សេដ្ឋកិច្ចជាតិ ពិសេសយើងរំពឹងថាសមាជិកនៃរដ្ឋហត្ថលេខី នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងផ្តល់សច្ចាប័ណ្ណ បន្ទាប់ពីកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខារួចហើយ។
លោកបន្តថា “”យើងរំពឹងទទួលបានអ្នកវិនិយោគធំជាច្រើន ដោយសារកម្ពុជាមានស្ថេរភាពសង្គម សេដ្ឋកិច្ច ហើយបើយើងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានកាន់តែលឿនទៀតនោះកាន់តែប្រសើរ”៕