ដោយ៖ ប៊ី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការផលិតប្រេងនៅដំណាក់កាលដំបូង មិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែវាចាប់ផ្តើមមួយដ៏ល្អនៃដំណើរការនៃឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងពិថីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ដំណើរផលិតដំណក់ប្រេងដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ អណ្តូងទី១របស់យើងដំណើរការបានរយៈពេល៣៣ថ្ងៃ អណ្តូងទី២របស់យើង ទើបនឹងដំណើរការ។
សម្តេចតេជោបានថ្លែងថា អណ្តូងទី១ របស់យើងមានឈ្មោះថា AO1D គឺផលិតបាន១២៣១បារ៉ែល ក្នុងមួយថ្ងៃ ក្នុងរយៈពេល៣៣ថ្ងៃ ផលិតបាន៤០.៧៨៨បារ៉ែល ហើយអណ្តូងទី២ ឈ្មោះថា AO4D បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។
សម្តេចមានប្រសាសន៍បន្តទៀតថា សរុបមក យើងទើបនឹងមានប្រេង ៤១.០៥៦បារ៉ែលទេ ហើយនៅសល់អណ្តូងទី៣ ទី៤ និងទី៥ នឹងត្រូវបន្តដំណើរការបូមជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២១នេះ។
សម្តេចតេជោបានថ្លែងទៀតថា តាមការប៉ាន់ប្រមាណ យើងនឹងទទួលបានក្នុងមួយថ្ងៃ ក្នុងបរិមាណពី៧០០០ ទៅ៧៥០០បារ៉ែលតែបណ្ណោះ គឺជាទំហំតូចណាស់ វាមិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែយ៉ាងណាក៏ដោយ វាជាការចាប់ផ្តើមមួយដ៏ល្អនៃដំណើរការនៃឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
សម្តេចតេជោបានបញ្ជាក់ថា ព្រោះតាមការព្យាករណ៍ តាមវាយតម្លៃរបស់ឯកឧត្តមស៊ុយ សែម ថា បើតម្លៃប្រេង ៥៥ដុល្លារអាមេរិកក្នុងមួយបារ៉ែល ចំណូលរបស់យើងបានប្រមាណ៣០លានដុល្លារអាមេរិក ដូច្នេះវាមិនបានស្មើនឹងចំណូលមិនមែនសារពើពន្ធ ហើយចំណូលពីប្រេង មិនទាន់ជះវិសាលភាពដល់សេដ្ឋកិច្ចកម្ពុជានោះទេ តែជាការបោះជំហ៊ានមួយល្អលើវិស័យប្រេងនៅកម្ពុជា៕